អំពើពុករលួយនៅ អធិការ​ដ្ឋាន​នគរបាល​ស្រុក​ពារាំង​ ត្រូវបានបើកកកាយ

ខេត្តព្រៃវែង៖មានការលើកឡើងថា ភាព​មិន​ប្រក្រតី​នៃ​ការដឹកនាំ​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ពារាំង​ ខេត្ត​ព្រៃវែង​ផង​ ដែលសកម្មភាពការងាររបស់លោក វរសេនីយ៍ទោ ពៅ ថាន អធិការរងផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលស្រុកពារាំង ខេត្តព្រៃវែង អំពីការប្រព្រឹត្តអំពើរពុករលួយនៅក្នុងអង្គភាពការកេងប្រវ័ញ្ចពីមន្រ្តីនៅក្នុងអង្គភាពត្រូវបានបើកកកាយ។

ប្រភពបានឲ្យដឹងថា ជុំវិញកាបបែកធ្លាយនូវការប្រព្រឹត្តអំពើពុករលួយនេះ

     ១/របបប្រេងសាំងក្នុងមួយត្រីមាស មួយផ្នែកជំនាញទទួលបានតែ ៣០លីត្រទេ ប៉ុន្តែលោកអធិការ និងលោកអធិការរងផ្នែកសេនាធិការលោកវរសេនីយ៍ទោ ពៅ ថាន បានឲមកផ្នែកជំនាញតែ ២០លីត្រប៉ុណ្ណោះ។ ចំណែកតាមប៉ុស្តិ៍ទទួលបានរបប ១៥០លីត្រក្នុង មួយត្រីមាស ប៉ុន្តែលោកអធិការរងសេនាធិការបើកឲតែ ១១០លីត្រតែប៉ុណ្ណោះ។

  ២/ការបើកឯកសណ្ឋាន និងសម្ភារៈផ្សេងៗ លោកវរសេនីយ៍ទោ ពៅ​ ថាន អធិការរងសេនាធិការ តម្រូវឲ្យមន្ត្រីដែលមកបើត្រូវបង់លុយទៅសេនាធិការម្នាក់  ២០០០០៛ បានបើកឲ្យបើមិនឲ្យគឺមិនបើកសម្ភារៈឲ្យនោះទេ។

    ៣/ថវិការរដ្ឋបាលក្នុងអង្គភាពដើម្បីដោះស្រាយបញ្ហាទឹកភ្លើងក្នុងអធិការ មួយត្រីមាសទទួលបាន ១លាន៥០ម៉ឺនរៀល ដើម្បីផ្គត់ផ្គង់ ប៉ុន្តែលោកអធិការរងសេនាធិការរូបនេះ មិនដឹងយកលុយនេះទៅណានោះទេ ដោយបែជាបង្គាប់ឲ្យកម្លាំងចំណុះឲ្យអធិការដ្ឋានចេញលុយថ្លៃទឹកភ្លើងនេះទៅវិញ ដោយក្នុងម្នាក់ត្រូវបង់ឲ្យទៅសេនាធិការចំនួន ៣០០០០៛ក្នុងមួយខែ។ មិនដឹងថាលុយដែលលោកអធិការរង ពៅ ថាន បញ្ជាតម្រូវឲ្យត្រូវតែបង់ពីមន្រ្តីចំណុះឲអធិការដ្ឋានម្នាក់ ៣០ ០០០៛ នេះ លោកអធិការរងសេនាធិការយកទៅធ្វើអ្វី ឬមួយក៏យកទៅដាក់ក្នុងហោប៉ៅខ្លួនឯង។

ដោយឡែកនៅតាមអធិការដ្ឋានទាំងអស់នៅក្នុងខេត្តព្រៃវែង គឺពុំមានធ្វើបែបនេះទេ គឺមានតែអធិការដ្ឋាននគរបាលស្រុកពារាំងមួយតែប៉ុណ្ណោះ ដែលមានភាពមិនប្រក្រតីបែបនេះ អស់រយៈពេល ២ឆ្នាំមកហើយ ចាប់ពីពេលលោកអធិការ ស៊ុំ សីហា ឡើងមក ព្រោះលោកអធិការ ស៊ុំ សីហា និងលោកអធិការរងសេនាធិការ ពៅ ថាន ជាបងប្អូនធម៍និងគ្នា ជំនាន់អធិការមុនៗ មិនមានការគាបសង្កត់ កេងប្រវ័ញ្ច និងតម្រូវឲមន្រ្តីចាំណុះឲ្យអធិការដ្ឋានបង់លុយឲបែបនេះទេ។ បន្ទាប់ពីបញ្ជាឲ្យមន្ត្រីចំណុះអធិការដ្ឋានបង់លុយនេះជារៀងរាល់ខែរយៈពេល ០២ឆ្នាំមក កម្លាំងទាំងអស់ក៏មានការសួរនាំរកឬសគល់នៃការចំណាយដែលផ្នែកសេនាធិការចំណាយពីព្រោះលុយផ្គត់ផ្គង់អង្គភាពក្នុងមួយខែ ៥០០០០០៛ ពីមុនមកមិនដែលតម្រូវឲមន្ត្រីដែលខំមកបម្រើការងារជូនប្រជាពលរដ្ឋ និងសង្គមហើយបែជាចេញលុយថ្លៃទឹកភ្លើងជំនួសរដ្ឋទៀតនោះទេ ព្រោះក្រសួងមានលុយទម្លាក់ឲ្យ​។ ពេលនោះលោកអធិការក៏បានហៅកម្លាំងទាំងអស់មកប្រជុំនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៨ និង ០០នាទីព្រឹក ដើម្បីឲ្យលោក វរសេនីយ៍ទោ ពៅ ថាន បកស្រាយទៅលើបញ្ហានេះទៅដល់មន្ត្រីដែលចូលរួមកិច្ចប្រជុំបានយល់ ប៉ុន្តែកិច្ចប្រជុំនេះដំណើរការបានតែ ៣០នាទីប៉ុណ្ណោះ ក៏ត្រូវបានបិទបញ្ចប់វិញ និងបានលេីកពេលទៅថ្ងៃក្រោយវិញ ដោយសារលោកវរសេនីយ៍ទោ ពៅ ថាន អធិការរងទទួលផ្នែកសេនាធិការ បកស្រាយមិនចេញ  ពីព្រោះបើគិតទៅលើការចំណាយគឺពុំមានការចំណាយអ្វីច្រើននោះទេក្រៅតែពីបងទឹក និងភ្លើង ព្រោះការបញ្ចេញឯកសារ មានម៉ាស៊ីនព្រីន និងក្រដាសស្រាប់។ ហើយលោក ពៅ ថាន ក៏បានសុំដកឃ្លាបកស្រាយសិនព្រោះរកនឹកកុហកអំពីការចំណាយមិនឃើញ។

ខាងលេីនេះ​ជា​ព័ត៌មាន​ដែល​មន្ត្រី​នគរបាល​អធិការ​ដ្ឋាន​ស្រុក​ពារាំង​ ផ្ដល់​មក​ ពិត​ ឬ​ មិនពិត​ មិនទាន់​ហ៊ាន​សន្និដ្ឋាន​ទេ​ រង់ចាំ​ការ​បំភ្លឺ​ ពីលោក​អធិការ​សិន​ ?  ខ្ញុំគ្មាន​លេខ​ទំនាក់ទំនង​ទៅលោក​ អធិការ​ទេ​។

ជុំវិញករណីនេះទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍នៅពុំទាន់ទទួលបានការបំភ្លឺពីអធិការ​ដ្ឋាន​ស្រុក​ពារាំង​ នៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP