អភិបាលខេត្តបាត់ដំបង ជំរុញអាជ្ញាធរក្រុង ស្រុក បង្កើនការព្រលែងកូនត្រីនៅតាមប្រភពទឹកធំៗ និងតំបន់អភិរក្សឱ្យបានច្រើន
អភិបាលខេត្តបាត់ដំបង ឯកឧត្តមសុខ លូ បានជំរុញអាជ្ញាធរក្រុង ស្រុក បង្កើនការព្រលែងកូនត្រីនៅតាមប្រភពទឹកធំៗ និងតំបន់អភិរក្សឱ្យបានច្រើនសំដៅបង្កើនធនធានជលផលនិងជំរុញការបង្រ្កាបបទល្មើសនេសាទឱ្យកាន់តែមានប្រសិទ្ធភាពបំផុត។
ឯកឧត្តម ជំរុញដល់មន្រ្តីជំនាញជលផល និងប្រជាពលរដ្ឋបង្កើនការបង្កាត់ពូជមច្ឆជាតិ និងការចិញ្ចឹមឱ្យបានច្រើនផុសផុលដើម្បីបំពេញតម្រូវការហូបចុកប្រចាំថ្ងៃ។
ឯកឧត្តម ណែនាំដល់មន្រ្តី និងប្រជាពលរដ្ឋត្រូវមានស្មារតីភ្ញាក់រលឹកចូលរួមយុទ្ធនាការថែរក្សាអនាម័យបរិស្ថាន និងសម្អាតបរិវេណមន្ទីរ អង្គភាព តាមដងផ្លូវ និងផ្ទះសម្បែងរៀងៗខ្លួននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ។
ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ពិធីព្រលែងកូនត្រីពូជ និងកូនបង្កងពូជធ្វើឡើងដើម្បីដាស់ស្មារតីឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា និងអភិរក្សធនធានមច្ឆជាតិសម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។
ឯកឧត្តម ថ្លែងអំណរគុណដល់កងកម្លាំងយោធាដែលបានខិតខំការពារធនធានជលផល និងបង្រ្កាបបទល្មើសនៅតំបន់បឹងទន្លេសាបធ្វើឱ្យធនធានមច្ឆជាតិមានការកើនឡើងជាលំដាប់។
ឯកឧត្តម សុខ លូ មានប្រសាសន៍ជំរុញបែបនេះក្នុងឱកាសអញ្ជើញ អធិបតីក្នុងពិធីព្រលែងកូនត្រីពូជ និងកូនបង្កងពូជ នៅចំណុចដងស្ទឹងសង្កែ នៅព្រឹកមិញនេះ។
សូមជម្រាបថា ទិវាមច្ឆជាតិ “ព្រលែងកូនត្រីពូជ និងកូនបង្កងពូជ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦បានព្រលែងកូនត្រីពូជមាន ត្រីប្រា ត្រីឆ្ពិន ពោ ក្រាញ់ អណ្តែងទន់ ចំនួន ៧០ ០០០ក្បាល និងកូនបង្កងពូជ ៤០ ០០០ក្បាល សរុបចំនួន ១១០ ០០០ក្បាល ព្រមទាំងកូនអន្ទង់ និងកូនអណ្តើក៕SRP