មេគយច្រក ជាំ-សាងុាំ បើកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធពីប្រទេសថៃចូលមកប្រទេសខ្មែរតាមអំពើចិត្ត

0

ខេត្តឧត្តរមានជ័យ៖មានការលើកឡើងថា ជាយូរណាស់មកហើយ លោក ឆ ណាក់ មេគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិជាំ-សាងុាំ បានបើកដៃឲ្យក្រុមឈ្មួញ ធ្វើសកម្មភាពដឹកជញ្ជូនទំនិញគ្រប់ប្រភេទគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមរថយន្ត កែច្នៃ រាប់សិបគ្រឿងក្នុង១ថ្ងៃៗ យ៉ាងគគ្រឹកគគ្រេង ប្រទេសថៃចូលមកប្រទេសខ្មែរតាមអំពើចិត្ត។

សេចក្ដីរាយការណ៍ព័ត៌មានពីខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារបានចុះទៅយកព័ត៌មានដោយផ្ទាល់ ដល់មាត់ច្រកទ្វារព្រំដែនអន្តរជាតិជាំ គឺបាន សង្កេតឃើញមានការដឹកជញ្ជូនទំនិញសព្វសារពើ តាមរយន្តធំ-តូច កែច្នៃ ខុសបច្ចេកទេស ដឹកដឹកសំពីងសំពោងដោយមិនខ្វល់ពីការគ្រោះថ្នាក់ចរាចរណ៍អ្វីទេ។

សេចក្ដីរាយការណ៍បានបន្តថា ការដឹកជញ្ជូនទំនិញពីប្រទេសថៃចូលមកប្រទេសខ្មែរនេះ ដឹកជញ្ជូនទំនិញ ក្នុង១រថយន្ត ត្រូវចំណាយលុយបង់ឲ្យសមត្ថកិច្ចគយ នៅច្រកជាំ អស់ ១៨០០០០ មួយលានប៉ែតសិបមុឺនរៀល។ ហើយនៅពេលរថយន្តចុះទៅដល់ក្រោមត្រូវចំណាយអស់៦០មុឺនរៀលថែមទៀតក្នុងនោះត្រូវបង់លុយឲ្យ គយចល័តពីរកន្លែង ( ១កន្លែង២០មុឺនរៀល ) និងស្នាក់ការប៉េអឹម១០មុឺនរៀល រួមទាំងនគរបាល១០មុឺនរៀលទៀត ដោយពុំមានចេញវិក័យបត្រអោយម្ចាស់ទំនិញនោះទេ។

ដូច្នេះបើផ្អែកតាមការអះអាងពីក្រុមឈ្មួញដឹកជញ្ជូនទំនិញតាមរថយន្តកែច្នៃ ពីប្រទេសថៃ ចូលមកទឹកដីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិជាំ ក្រោមការគ្រប់គ្រងរបស់ លោក ឆ ណាក់ មេគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិជាំ និងលោក រ៉ែម ផល្លាវី ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិជាំ បាននិងកំពុងត្រូវប៉ាន់ខ្លាំងណាស់ ក្នុងការប្រមូលលាភសក្ការ:ទុកជាប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាងក្នុងតួនាទី ជាអ្នកអនុវត្តច្បាប់ប្រមូលពន្ធគយជូនរដ្ឋ។ ហើយករណីបែបនេះធ្វើឲ្យបាត់បង់ចំណូលចូលថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែមួយខែៗ។

សូមបញ្ជាក់ថា កន្លងទៅប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកធ្លាប់ផ្សព្វផ្សាយនូវភាពមិនប្រក្រតីរបស់មន្ត្រីមានសមកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័នដែលឈរជើង នៅច្រកទ្វារអន្តរជាតិជាំនេះ។ ប៉ុន្តែរហូតមកដល់ពេលនេះ គឺពុំមានអ្វីប្រែប្រួលនោះទេ គឺនៅតែដដែល ក្រុមឈ្មួញដឹកជញ្ជូន ទំនិញតាមរថយន្តកែច្នៃ សំពីង សំពោងចេញពីប្រទេសថៃ ឆ្លងដែន ចូលមកប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិជាំ ក្នុង១ថ្ងៃៗរាប់សិបគ្រឿង ដោយពុំឃើញមានសមត្ថកិច្ចជំនាញណាចេញមុខហាមឃាត់ ឬចាប់បង្ក្រាបនោះឡើយ។

ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺ ពីមន្ត្រីពាក់ព័ន្ធខាងលើនៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP