សេចក្តីបំភ្លឺ របស់អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ !
សូមជម្រាបជូនសាធារណជនជ្រាបថា កាលពីថ្ងៃទី២០ ខែមេសា និងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ មានការបង្ហោះផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម ពាក់ព័ន្ធទង្វើរបស់លោកវរសេនីយ៍ទោ សាន សាធុកា ហៅ ធន់ សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលបានឆ្លៀតយកតួនាទីរបស់ខ្លួនកេងយកប្រយោជន៍ពីប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរលក់ផលិតផលតាមអនឡាញតូចតាច ។
ពាក់ព័ន្ធការផ្សព្វផ្សាយខាងលើនេះ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការបញ្ជាក់ជូនសាធារណជន ជ្រាបដូចខាងក្រោម ៖
១-លោកវរសេនីយ៍ សាន សាធុកា អត្តលេខ ៣១៧២២ អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះប្រជុំដើម្បីបំភ្លឺជូនក្រុមប្រឹក្សាវិន័យ ពាក់ព័ន្ធការចោទប្រកាន់ដូចបានចុះផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គម។ សាមីខ្លួនបានបញ្ជាក់ថា ពុំបានដើរជំរិតទារប្រាក់ពីអាជីវករនោះទេ ប៉ុន្តែថវិកាដែលបានផ្ញើចូលក្នុងគណនីរបស់គាត់គឺជាថ្លៃសេវា ដែលជាថ្នូរទៅនឹងការបង្ហាត់បង្ហាញពាក់ព័ន្ធបញ្ហាចុះបញ្ជីអាជីវកម្មតាមផ្លូវច្បាប់ប៉ុណ្ណោះ។ លោកវរសេនីយ៍ទោ សាន សាធុកា បានទទួលស្គាល់កំហុសដែលខ្លួនបានប្រើប្រាស់តួនាទីជាមន្រ្តីនគរបាលជាតិដើម្បីកេងយកប្រយោជន៍ឯកជន ដោយសំអាងលើក្រុមហ៊ុនមេធាវីបម្រើសេវាសាធារណៈ ដែជាក្រុមហ៊ុនរបស់ប្អូន។
២-ដោយពិនិត្យឃើញថា លោកវរសេនីយ៍ទោ សាន សាធុកា បានប្រព្រឹត្តខុសបទវិន័យរបស់នគរបាលជាតិ ឆ្លៀតប្រើប្រាស់តួនាទីដើម្បីកេងប្រយោជន៍ផហទាល់ខ្លួន អគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកសំណើជូនក្រសួងមហាផ្ទៃ ដើម្បីដាក់វិន័យក្រោមរូបភាពដកហូតមុខតំណែង ពីអនុប្រធាននាយកដ្ឋាន ឱ្យមកជាមន្រ្តីនគរបាលជាតិ។ បច្ចុប្បន្នមន្រ្តីរូបនេះកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃផងដែរ។
អគ្គស្នងការដ្ឋាននគរវាលជាតិ សូមថ្លែងអំណរគុណ និងរង់ចាំទទួលនូវរាល់ព័ត៌មានពីគ្រប់ប្រភពដែលរិះគន់ក្នុងន័យស្ថាបនា និងការពារកិត្តិយសរបស់ស្ថាប័ននគរបាលជាតិ។
អាស្រ័យដូចបានបញ្ជាក់ជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕SRP

