លោកទៀ សីហា៖ គិតត្រឹមថ្ងៃនេះ ពលរដ្ឋខ្មែរ មកពីក្រៅប្រទេស ចូលខេត្តសៀមរាប ដែលបានដាក់ឲ្យនៅ ដាច់ដោយឡែក អាចដល់៣០០នាក់

0

ខេត្តសៀមរាប៖លោក ទៀ សីហាអភិបាលខេត្តសៀមរាប បានប្រាប់បណ្ដាញសៀមរាបប៉ុស្តិ៍ នៅរសៀលថ្ងៃនេះថា៖គិតត្រឹមថ្ងៃនេះ ពលរដ្ឋខ្មែរ មកពីក្រៅប្រទេស ចូលខេត្តសៀមរាប ដែលបានដាក់ឲ្យនៅ ដាច់ដោយឡែករយ:១៤ថ្ងៃ

អាចដល់ចំនួន៣០០នាក់។
លោកទៀ សីហា បានបញ្ជាក់ថា កាលពីថ្ងៃទី១០ពលរដ្ឋមកពីក្រៅប្រទេសមានចំនួនប្រហែល១២៣នាក់.ថ្ងៃទី១១ម្សិលមិញ ប្រហែល១១០នាក់ និងថ្ងៃនេះមកជាបន្តបន្ទាប់ទៀតជាង៣០នាក់ទៅ៥០នាក់។
បើតាមអភិបាលខេត្តសៀមរាប លោកទៀ សីហា បានបញ្ជាក់លើទំព័រផេកហ្វេសប៊ុកថា៖សូមអរគុណក្រុមការងារគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត មន្ទីរសុខាភិបាលខេត្ត និងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានសម្អាត រៀបចំ និងដាក់ដំណើរការនូវមណ្ឌលចត្តាឡីស័កសម្រាប់ប្រជាពលរដ្ឋខ្មែរវិលមកពីក្រៅប្រទេស (មកពីច្រកអូស្មាច់ ក្រុងសំរោង និងច្រកជាំស្រង៉ាម ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) ដែលមានទីតាំងស្ថិតក្នុងសាលាគរុកោសល្យ និងវិក្រិត្យការខេត្ត ។
ការស្នាក់នៅបណ្តោះអាសន្ននេះ គឺដើម្បីតាមដាន ត្រួតពិនិត្យពីសុខភាព ពីសំណាក់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត និងស្តាប់ការណែនាំពីការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ឲ្យប្រកាន់ខ្ជាប់នូវវិធានអនាម័យ និង ការសម្លាប់មេរោគជាប្រចាំ បើមានរោគសញ្ញាអ្វីកើតឡើងត្រូវរាយការណ៍ជាបន្ទាន់។ ក្នុងករណីមានរោគសញ្ញាសង្ស័យ មន្ត្រីជំនាញនឹងយកសំណាកទៅពិនិត្យ តែក្នុងករណីគ្មានរោគសញ្ញាអ្នកចំណូលស្រុកមកពីក្រៅប្រទេសទាំងនោះ នឹងត្រូវដឹកជញ្ជូនទៅរក្សានៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនៅទីតាំងដែលបានរៀបចំនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ (នៅមណ្ឌលចត្តាឡីស័កដែលអាជ្ញាធរបានកំណត់) ដោយមិនទាន់អនុញ្ញាតឲ្យទៅកាន់លំនៅឋាននោះឡើយ៕SRP

សរសេរមតិយោបល់