ទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់ នាំចូលយ៉ាងគគ្រឹកគគ្រេង តាមច្រកបឹងត្រកួន

ទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់ នាំចូលយ៉ាងគគ្រឹកគគ្រេង តាមច្រកបឹងត្រកួន

ខេត្តបន្ទាយមានជ័យ៖មានការលើកឡើងថាទំនិញគ្រប់ប្រភេទ ក្នុងនោះម៉ូតូអត់ពន្ធឬបង់ពន្ធមិនគ្រប់ជាច្រើនបាននាំចូលយ៉ាងគគ្រឹកគគ្រេង តាមច្រកបឹងត្រកួន ដោយមិនមានការទប់ស្កាត់ពីជំនាញគយឡើយ។

នេះបើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ម៉ូតូអត់ពន្ធឬបង់ពន្ធមិនគ្រប់ កំពុងនាំចូលយ៉ាងគគ្រឹកគគ្រេង តាមច្រកបឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក ជារៀងរាល់ថ្ងៃ ក្រោមការត្រួតត្រារបស់មេគយ លោក កែវ សារ៉ាត់។

ប្រភពទៀតបន្ថែមថា ម៉ូតូថៃត្រូវបានដឹកជញ្ជូនដាក់លើរថយន្ត រាប់រយគ្រឿងក្នុងមួយថ្ងៃៗ ឆ្លងកាត់ច្រកព្រំដែនបឹងត្រកួន ដែលគេដឹងថា ម៉ូតូទាំងនោះបង់ពន្ធមិនគ្រប់ ឬមួយចំនួនមិនបង់ពន្ធតែម្ដង។ សកម្មភាពបែបនេះគេសង្កេតឃើញកើតមានជារៀងរាល់ថ្ងៃ ជាពិសេសម៉ូតូស៊េរីទំនើបនិងម៉ូតូធំៗភាគច្រើនគឺមិនបានបង់ពន្ធតែម្តង។ ករណីសង្ស័យថា ប្រសិនបើគ្មានការត្រូវរូវឃុបឃិតពីប្រធានគយ លោក កែវ សារ៉ាត់ នោះទេ ម៉ូតូថៃទាំងនោះ មិនអាចឆ្លងដែនចូលក្នុងទឹកដីខ្មែរបានឡើយ។ ក្រៅពីសេចក្តីរាយការណ៍ រឿងករណីម៉ូតូនាំចូលអត់ពន្ធឬបង់ពន្ធមិនគ្រប់ គេក៏សង្កេតឃើញមានទំនិញខូចគុណភាព នៅតែបន្តនាំចូលតាមច្រកបឹងត្រកួន ជារៀងរាល់ថ្ងៃផងដែរ។

ប្រភពបានបង្ហើបប្រាប់ថា ក្រៅពីទំនិញខូចគុណភាពដែលជាប្រភេទ សាច់បង្កកនិងគ្រឿងក្នុង ជាដើមនោះ ក្រុមឈ្មួញគ្រាក់ៗ នៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកបឹងត្រកួន ជាហូរហែបានក៏ព្រោះតែ សង្ស័យមានការឃុបឃិតបិទភ្នែក ជាមួយក្រុមមន្រ្តីគយចល័តខេត្តបន្ទាយមានជ័យ។ ដោយតាមច្រករបៀង ក្បែរៗ ច្រកទ្វារតំបន់បឹងត្រកួន នៅតែមានឈ្មួញនាំចូលទំនិញខុសច្បាប់ និងទំនិញគេចពន្ធ ដែលគេសង្ស័យថា
មានការបើកភ្លើងខៀវពីលោក កែវ សារ៉ាត់ មេគយច្រកបឹងត្រកួន និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនថែមទៀត។

ប្រភពបន្តថា ម៉ូតូស៊េរីទំនើបៗ មានដូចជាម៉ាកហុងដាស្កូពី, ម៉ូតូដែលមានស៊ីឡាំងធំ និង honda 125cc ជាប្រភេទម៉ូតូត្រូវប៉ាន់បំផុត នៅក្នុងប្រទេស ដែលពួកឈ្មួញកំពុងនាំចូលតាមច្រកព្រំដែនបឹងត្រកួន ម៉ូតូភាគច្រើន ដែលប្រើប្រាស់ នៅលើបណ្ដាខេត្តភាគខាងលិច រួមទាំងក្រុងភ្នំពេញផងនោះ មិនមានការបង់ពន្ធត្រឹមត្រូវ ក៏ដោយសារតែការនាំចូលតាមច្រកបឹងត្រកួននេះដែរ។

បច្ចុប្បន្នរដ្ឋបាលខេត្តបន្ទាយមានជ័យ ហាក់ដូចជាធ្វើ មិនដឹងមិនឮ ចំពោះបញ្ហា ដែលជាចំណុចអសកម្មកំពុងកើតឡើងនៅច្រកព្រំដែនបឹងត្រកួន។ មូលហេតុទាំងនេះហើយដែលជាកត្តា អាចផ្តល់ឱកាសឲ្យលោក កែវ សារ៉ាត់ អាចបិទភ្នែកឲ្យពួកឈ្មួញនាំចូលម៉ូតូស៊េរីទំនើបៗ និងទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់ពីប្រទេសថៃបានដោយរលូន។

ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តី មិនទាន់ទទួលបានការបំភ្លឺពីលោកកែវ សារ៉ាត់ មេគយច្រកបឹងត្រកួន
បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះដោយមិនមានលេខទូរសព្ទទំនាក់ទំនង៕SRP