អភិបាលខេត្តកំពង់ចាម ស្នើឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់តាមរយៈកម្មវិធី “Kapea App” ប្រសិនបើមានការសង្ស័យពីករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវ និងស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវរាយការណ៍ភ្លាមៗចូលទៅក្នុងកម្មវិធី “Kapea App” ប្រសិនបើមានការសង្ស័យថាជាករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម ថ្លែងបែបនេះនារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេល ៩ខែ ដើមឆ្នាំ២០២៦ នៅសាលសន្និសីទសាលាខេត្ត។
ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា បច្ចុប្បន្នល្បិចកលរបស់ក្រុមជនខិលខូចតាមប្រព័ន្ធអនឡាញមានភាពស្មុគស្មាញ និងផ្លាស់ប្តូររូបភាពជាច្រើន ដូច្នេះការចូលរួមរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋតាមរយៈកម្មវិធី Kapea App គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងទាន់ហេតុការណ៍បំផុត ដែលជួយឱ្យសមត្ថកិច្ចជំនាញអាចអន្តរាគមន៍ បង្ការ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានទាន់ពេលវេលា។
ឯកឧត្តម អភិបាលខេត្ត បានស្នើដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ ត្រូវចេះការពារខ្លួន និងត្រូវចាត់ទុកបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដូចជាមេរោគដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលអាចសម្លាប់យើង ឬបំផ្លាញយើងបានគ្រប់ពេល ប្រសិនបើយើងមានការឆ្វេសប្រហែស។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ត្រូវបន្តជំរុញការផ្សព្វផ្សាយពីរបៀបប្រើប្រាស់កម្មវិធី Kapea App នេះដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានទូលំទូលាយ សំដៅរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕SRP