ខេត្តតាកែវ៖រឿងអាស្រូវរបស់លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ត្រូវបានបែកធ្លាយជាសាធារណៈ។ នេះបើតាមសារព័ត៌មានក្នុងស្រុកបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។
តាមរយៈសារព័ត៌មានបានចុះផ្សាយថា លោកលីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ មានគ្រឿងចាក់សម្រាប់ប្រតិបត្តិការ ការងាររកស៊ីនៅក្នុងខេត្ត ក៏ដូចជានៅក្នុងមន្ទីរអភិវឌ្ឍន៍ជនបទនិងបញ្ហាញៀនល្បែងនោះ លោកទទួលស្គាល់វាជារឿងពិត។ ក្នុងនោះគឺញៀនល្បែងក៏ជារឿងពិតនិងបញ្ហាមានគ្រឿងចក្រផ្ទាល់ ខ្លួនដើម្បីធ្វើការងាររបស់រដ្ឋ ដែលមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវការធ្វើក៏ជារឿងពិត។ ករណីបែបនេះគេនៅមិនទាន់ដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទ នៅបន្តទុកមនុស្សបែបនេះ ឲ្យនៅធ្វើការបានយូរតទៅទៀតឬយ៉ាងណានោះទេ?
ប្រការនេះនាំឲ្យមន្រ្តីរាជការមួយនិងមហាជនរិះគន់ចំៗទៅលើ លោកលីវ សំណាង ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តតាកែវ ថា ជាបុគ្គលញៀននឹងល្បែងជាពិសេសគឺល្បែងជល់មាន់ មិនថា តាមកាស៊ីណូឬតាមមូលដ្ឋានឡើយ។ ក្រុមមន្ត្រីនៅក្រោមឱវាទនេះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានចោទសួរទៅថ្នាក់ដឹកនាំក្រសួងថា នៅពេលដែលប្រធានមន្ទីរ ក្លាយជាអ្នកញៀនល្បែង តើគាត់អាចដឹកនាំការងារនៅក្នុងមន្ទីរបានយ៉ាងដូចម្ដេចទៅ? សូម្បីតែមន្ត្រីនៅក្នុងមន្ទីរ ក៏នាំគ្នាគ្រវីក្បាលចំពោះរបៀបរបបនៃការដឹកនាំការងាររបស់លោកលីវ សំណាង ប្រធានមន្ទីរនេះដែរ។
យោងតាមប្រភពបន្តទៀតថា ប្រធានមន្ទីរខាងលើ មិនមានប្រាក់ខែច្រើនអស្ចារ្យនោះទេ តែគាត់មានលុយជាច្រើនសម្រាប់លេងល្បែងរាល់ ចុងសប្តាហ៍ជារៀងរហូតមិនដឹងថា បានលុយមកពីណាយកទៅលេងនោះទេ។ មិនត្រឹមតែលេង ល្បែងនោះទេ លោកប្រធានខាងលើ ក៏មានគ្រឿងចក្រផ្ទាល់ខ្លួន សម្រាប់ដេញថ្លៃតាមគម្រោងនានា ជាពិសេសរាល់គម្រោងធ្វើផ្លូវរបស់មន្ទីអភិវឌ្ឍន៏ជនបទតែម្ដង។ ក៏ប៉ុន្តែ បើតាមមន្ត្រីនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និយាយថា បញ្ហាមានលុយលេងល្បែងគឺជារឿងឯកជន របស់លោកប្រធានតែប៉ុណ្ណោះ មិនពាក់ព័ន្ធជាមួយមន្ទីរឡើយ។
ជុំវិញករណីនេះទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីលោកលីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ។ តែទោះជាយ៉ាងណាលោកបានប្រាប់សារព័ត៌មានដែលបានចេញផ្សាយថា ពាក់ពន្ធ័ករណីខាងលើ លោកពិតជាមានគ្រឿងចក្រផ្ទាល់ខ្លួនពិតមែន គឺជាក្រុមហ៊ុនរបស់លោក ហើយនៅពេលមានគម្រោង ឬមានគេជួល គឺលោកទៅធ្វើឲ្យគេហើយ មិនចាំតែធ្វើគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទនោះទេ។ ចំណែកចំពោះបញ្ហាលេងល្បែងស៊ីសង លោកប្រធានមន្ទីរក៏បានឆ្លើយតបថា ចំពោះរឿងដែរលោកដើរលេងល្បែង វាជារឿងឯកជន របស់លោក ហើយការទៅលេងល្បែងលោកទៅតែថ្ងៃឈប់សម្រាកនោះទេ។
បើតាមប្រភពពីក្រុមមន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ សុំមិនបញ្ចេញឈ្មោះបានទម្លាយថា លោកលីវ សំណាង ក៏ធ្លាប់ACUកោះហៅ ទៅបំភ្លឺផងដែរជុំវិញការអនុវត្តការងាររបស់លោកកន្លងមក៕SRP