ខេត្តសៀមរាប៖លោកលី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរក្រុង ស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ជាពិសេសការធ្វើអត្តសញ្ញាប័ណ្ណគំរូថ្មី ជូនប្រជាពលរដ្ឋ។
លោកក៏បានសង្កត់ធ្ងន់ទៅលើ បញ្ហាការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និង ហួសការបរិច្ឆេទ ដើមី្បបំពេញតម្រូវការចាំបាច់របស់បងប្អូន។ ម៉្យាងទៀតរាល់អត្តសញ្ញាណប័ណ្ណសញ្ជាតិ ដែលក្រសួងបានធ្វើរួចផ្តល់ឱ្យគឺត្រូវធ្វើការចែកជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបក៏បានបន្ថែមថា ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋាន សំខាន់លុបបំបាតឲ្យបាននូវក្រុមក្មេងទំនើង ដែលតែងតែបង្កភាពអសន្តិសុខ ក្នុងមូលដ្ឋាន និងត្រូវធ្វើការត្រួតពិនិត្យមន្ត្រីនៅក្រោមឱវាទរបស់ខ្លួន ដែលអនុវត្តការងារមិនបានត្រឹមត្រូវ ព្រមទាំងត្រូវធ្វើការត្រួតពិនិត្យ នូវរាល់សំណង់អាណាធិតេយ្យ ដែលបានសាងសង់នៅលើចំណីផ្លូវ និងធ្វើការៀបចំសណ្តាប់ធ្នាប់ សោភ័ណ្ឌ ភាពតាមទីប្រជុំជន ប្រកបទៅដោយបរិស្ថាន អនាម័យល្អ ក្នុងការទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិដែលបានឆ្លងកាត់។
លោក លី សំរិទ្ធ ក៏បានវាយតម្លៃខ្ពស់ទៅលើកិច្ចការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់ គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក មន្ទីរ អង្គភាពជុំវិញខេត្ត រួមគិត រួមធ្វើ និងរកដំណោះស្រាយ បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើង និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព។
លោកមានប្រសាសន៍បែបនេះក្នុងឱកាស បើកកិច្ចប្រជុំសាមញ្ញលើក៥របស់ខ្លួននៅថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០២៤៕SRP

