ខេត្តសៀមរាប៖លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការផ្តល់ប័ណ្ណកម្មសិទ្ធិនេះនឹងបញ្ចៀសបាននូវបញ្ហាជម្លោះដីធ្លី ហើយចំពោះប័ណ្ណកម្មសិទ្ធិនេះ គឺបានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋណាដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ត ជាធរមាន ទើបអាចធ្វើបណ្ណកម្មសិទ្ធិនេះបាន ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ ជាក់ស្តែង មិនមានការភ័យខ្លាច។
លោកអភិបាលរងខេត្តសៀមរាបក៏បានមានប្រសាសន៍ក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ដែលទើបតែទទួលបានប័ណ្ណកម្មសិទ្ធិទាំងអស់ ត្រូវយកប័ណ្ណកម្មសិទ្ធិនេះរក្សាទុក និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជៀសវាងការបាត់បង់ជសពិសេសសូមកុំយកបណ្ណកម្មសិទ្ធិទៅអ៊ុតថង់ប្លាស្ទិកជាដាច់ខាត។
លោកអភិបាលរងខេត្តក៏បានមានប្រសាសន៍ជំរុញដល់អាជ្ញាធរមូលដ្ឋានជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មកទទួលយកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនេះឲ្យបានគ្រប់ៗ ហើយសូមឲ្យអាជ្ញាធរឃុំស្រុកនិងមន្រ្តីជំនាញទាំងអស់ សូមយកចិត្តទុកដាក់ណែនាំនិងពន្យល់បងប្អូនប្រជាពលរដ្ឋ អំពីឯកសារពាក់ព័ន្ធផ្សេងៗដែលទាក់ទងនិងការមកទទួលប័ណ្ណកម្មសិទ្ធិដីធ្លីផងដែរ។
លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត៣ពាន់ជូនដល់បងប្អូនប្រជាពលរដ្ឋនៅឃុំក្រឡាញ់ ស្រុកក្រឡាញ់ នៅថ្ងៃពុធម្សិលមិញ។
លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប បានប្រាប់ថាក្នុងអំឡុងនៃការចុះធ្វើប័ណ្ណជូនបងប្អូន គឺមន្រ្តីជំនាញបានធ្វើការងារដោយប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ហ្មត់ចត់បំផុត ក្នុងការធ្វើបណ្ណកម្មសិទ្ធិ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិនីមួយៗ រហូតសម្រេចបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យប្រើប្រាស់ដោយស្របច្បាប់ និងមានសិទ្ធិជាអចិន្ត្រៃយ៍រហូត។
លោកបានបញ្ជាក់ថាការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់បងប្អូន ប្រជាពលរដ្ឋដែលមានក្បាលដីនៅក្នុងឃុំក្រឡាញ់នាពេលនេះគឺមានចំនួន ៤ភូមិ ដែលមានក្បាលដីសរុប ចំនូន ៣២៨៤ក្បាលដី ហើយចេញបណ្ណបាន ២ ៩៨៨ក្បាលដី ក្នុងនោះមាន៖ ភូមិតាច្រែង ចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ៦៧៧ក្បាលដី ភូមិអូរក្រឡាញ់ ចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ១០៣៤ក្បាលដី ភូមិកោះក្របៅ ចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ៧២០ក្បាលដី និងភូមិសំពៅលូនចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ៥៥៧ក្បាលដី។
លោកបាមបញ្ជាក់បន្ថែមទៀតថាចំពោះក្បាលដីដែលធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធជូននៅពេលនេះ គឺចំពោះតែក្បាលដីណា ដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម ហើយចំពោះក្បាលដីជាប់ព័ន្ធនឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាល នឹងបន្តពិនិត្យនិងដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ដើម្បីឈានទៅដល់ការចេញប័ណ្ណ ជូនម្ចាស់ដីជាបន្តទៀតផងដែរ៕SRP

