មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ យុវជនសតវត្សទី២១ ត្រូវចេះប្រើបច្ចេកវិទ្យា ប៉ុន្តែមិនត្រូវឱ្យបច្ចេកវិទ្យាប្រើយើងឡើយ
ថ្លែងបើកវគ្គបណ្ដុះបណ្ដាលជំនាញរៀបចំគម្រោងស្តែម (STEM) ឆ្នាំ២០២៦ នៅខេត្តសៀមរាប នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា យុវជនក្នុងសតវត្សទី២១ ត្រូវរៀនឱ្យទាន់សម័យ និងចេះប្រើប្រាស់បច្ចេកវិទ្យា ប៉ុន្តែត្រូវដាច់ខាតមិនត្រូវឱ្យបច្ចេកវិទ្យាគ្រប់គ្រង ឬប្រើយើងវិញឡើយ ត្រូវចេះគិត ចេះសួរ ចេះស្រាវជ្រាវ ចេះបង្កើតថ្មី និងយកចំណេះដឹងទៅដោះស្រាយបញ្ហា និងស្មារតីស្រឡាញ់ជាតិ ដើម្បីក្លាយជាធនធានមនុស្សដែលមានគុណភាពសម្រាប់គ្រួសារ និងសង្គមជាតិ។
ឯកឧត្តម សេរី ជំនះ មានប្រសាសន៍ថា ក្នុងបរិបទនៃសតវត្សទី២១ ដែលពិភពលោកកំពុងមានការវិវដ្ដយ៉ាងឆាប់រហ័ស ទាំងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ឌីជីថល និងបញ្ញាសិប្បនិម្មិត យុវជនគ្រប់រូបត្រូវខិតខំរៀនសូត្រ និងអភិវឌ្ឍខ្លួនជាប្រចាំ ដើម្បីទទួលបានទាំងចំណេះដឹង ជំនាញ និងសមត្ថភាពចាំបាច់។ ការវិវដ្ដនេះបាននិងកំពុងផ្លាស់ប្ដូររបៀបដែលយើងរៀន ធ្វើការ ផលិត បង្កើតអាជីវកម្ម និងដោះស្រាយបញ្ហា។ អ្វីដែលយើងត្រូវការកាន់តែខ្លាំង គឺការបណ្ដុះយុវជនឱ្យចេះគិត ចេះសួរ ចេះស្រាវជ្រាវចេះសាកល្បង ចេះសហការ ចេះដោះស្រាយបញ្ហា និងចេះបង្កើតអ្វីថ្មី។
ឯកឧត្តមបញ្ជាក់ថា ការអប់រំ STEM មិនមែនគ្រាន់តែជាការរៀនមុខវិជ្ជាចំនួនបួន ដាច់ដោយឡែកពីគ្នានោះទេ ប៉ុន្តែវាជារបៀបនៃការគិត និងការរៀនដែលភ្ជាប់ចំណេះដឹងទៅនឹងការអនុវត្ត ទ្រឹស្ដីទៅនឹងជីវិតពិត និងបញ្ហាទៅនឹងដំណោះស្រាយ។ ទន្ទឹមនឹងនេះ ការរៀន STEM មានសារៈសំខាន់ខ្លាំង ព្រោះវាមិនត្រឹមតែផ្តល់ចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជួយបណ្តុះរបៀបគិត ជំនាញ និងសមត្ថភាព ដែលសិស្សត្រូវការសម្រាប់ការសិក្សា ការងារ និងជីវិតនាពេលអនាគត។ ឯកឧត្តមបានលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សឱ្យចាប់ផ្ដើមសង្កេតមើលបញ្ហាជុំវិញខ្លួន ធនធានក្នុងសហគមន៍ និងវត្ថុធាតុដើមដែលអាចយកមកកែច្នៃ ដោយប្រើប្រាស់ចំណេះដឹង STEM ដើម្បីបង្កើនតម្លៃកាន់តែខ្ពស់។
លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ នៃក្រសួងអប់រំ បានបង្ហាញថា សម្រាប់ឆ្នាំ២០២៦នេះ កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ត្រូវបានកំណត់ប្រធានបទ «ស្តែមក្នុងការកែច្នៃវត្ថុធាតុដើម» ដែលជំរុញយុវជន លោកគ្រូអ្នកគ្រូ ២៥០រូប បង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងលើការសិក្សា និងស្រាវជ្រាវមុខជំនាញដែលទាក់ទងនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា សំដៅលើកកម្ពស់គំនិតផ្ដួចផ្ដើម ច្នៃប្រឌិត បង្កើតថ្មី និងបង្កើតតម្លៃបន្ថែមលើវត្ថុធាតុដើមនិងធនធានដែលមានស្រាប់ ជាពិសេសក្នុងការជំរុញការកែច្នៃ និងការគាំទ្រផលិតភាពផលិតផលក្នុងស្រុកកាន់តែរឹងមាំ ក្នុងកាលៈទេសៈដែលកម្ពុជាទទួលរងការឈ្លានពាន និងការមើលងាយពីប្រទេសអមិត្តកាលពីពេលកន្លងទៅ។
លោកបញ្ជាក់ថា តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ បេក្ខជននឹងទទួលបានចំណេះដឹងទាំងផ្នែកបច្ចេកទេស ការអប់រំ STEM ហិរញ្ញវត្ថុ សហគ្រិនភាព ការកំណត់បញ្ហា ការស្រាវជ្រាវ និងការធ្វើបទបង្ហាញការពារគំនិតច្នៃប្រឌិតរបស់ខ្លួន ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ភាពជោគជ័យនាពេលអនាគត៕SRP
អត្ថបទ៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ