អាជ្ញាធរខេត្តសៀមរាប ប្រគល់(ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនដល់ប្រជាពលរដ្ឋ ចំនួន៤ភូមិ នៅក្នុងសង្កាត់ក្របីរៀល

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ ដែលមានក្បាលដីស្ថិតនៅក្នុងភូមិ រកា ភូមិគោកដូង ភូមិប្រម៉ា និងភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប ចំនួន៣.៤២៦ ក្បាលដី ត្រូវបានអាជ្ញាធរខេត្តសៀមរាប ធ្វើការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ដែលចេញដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ដើម្បីធ្វើការកាន់កាប់អាស្រ័យផល និងបន្តមរតកទៅកូនចៅជំនាន់ក្រោយៗ។

ការប្រគល់នេះនៅព្រឹកថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២៤ នៅបរិវេណវត្តព្រៃផ្តៅ ក្នុងភូមិក្រសាំងសង្កាត់ក្របីរៀល ក្រោមវត្តមានចូលរួមរបស់លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប និងលោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប អស់លោក លោកស្រីតំណាងមន្ទីរអង្គភាពនានាជុំវិញខេត្ត តំណាងធនាគារ និងអង្គភាពហិរញ្ញវត្ថុ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។

លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងអំឡុងនៃការចុះធ្វើប័ណ្ណ ជូនបងប្អូន គឺមន្រ្តីជំនាញបានធ្វើការងារដោយប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ហ្មត់ចត់បំផុត ក្នុងការធ្វើបណ្ណកម្មសិទ្ធិ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិនីមួយៗ រហូតសម្រេចបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ ជូនប្រជាពលរដ្ឋឱ្យប្រើប្រាស់ដោយស្របច្បាប់ និងមានសិទ្ធិជាអចិន្ត្រៃយ៍រហូត។

លោក ប៊ូ ជុំសម្បត្តិ មានប្រសាស៍បញ្ជាក់ថា ការប្រគល់ជូនវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់បងប្អូន ប្រជាពលរដ្ឋដែលមានក្បាលដីនៅក្នុងសង្កាត់ក្របីរៀល នាពេលនេះគឺមានចំនួន៤ភូមិ គឺមានដូចជា ៖ ១/ភូមិរកា មានក្បាលដីសរុប១.០៧៥ដែលក្នុងនោះក្បាលដីចំនួន៨៩១ អាចចេញប័ណ្ណកម្មសិទ្ធជូនបាន ២/ ភូមិគោកដូង មានក្បាលដីសរុប១.១៣៧ ដែលក្នុងនោះក្បាលដីចំនួន ៩០១ អាចចេញប័ណ្ណកម្មសិទ្ធជូនបាន ៣/ ភូមិប្រម៉ា មានក្បាលដីសរុប១.២៤៣ដែលក្នុងនោះក្បាលដី ចំនួន៦៥៦ អាចចេញប័ណ្ណកម្មសិទ្ធជូនបាន និងទី៤/ភូមិខ្នារមានក្បាលដីសរុប ១.១១២ ដែលក្នុងនោះក្បាលដីចំនួន៩៧៨ អាចចេញប័ណ្ណកម្មសិទ្ធជូន បានផងដែរ។

លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តសៀមរាប បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ចំពោះក្បាលដីដែលធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធ ជូននៅពេលនេះ គឺចំពោះតែក្បាលដីណា ដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម ហើយចំពោះក្បាលដី ជាប់ព័ន្ធនឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាល នឹងបន្តពិនិត្យនិងដោះស្រាយ តាមនីតិវិធីជាបន្តបន្ទាប់ដើម្បីឈាន ទៅដល់ការចេញ ប័ណ្ណ ជូនម្ចាស់ដី ជាបន្តទៀត។

លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាបបានថ្លែងថា ការចុះវាស់វែងដីធ្លី ឈានដល់ការផ្តល់ប័ណ្ណកម្មសិទ្ធិ គឺជាកម្មវិធីនយោបាយមួយ របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រជាពលរស់នៅយ៉ាងសុខសាន្ត មានលំនឹងផ្លូវចិត្ត ជំរុញដល់សេដ្ឋកិច្ចគ្រួសារ សង្គម និងកាត់បន្ថយភាពក្រីក្រ និងបញ្ហាវិវាទដីធ្លីជាដើម។

លោក សំកុល សុចិត្រា បន្តថាការផ្តល់ប័ណ្ណកម្មសិទ្ធិនេះនឹងបញ្ចៀសបាននូវបញ្ហាជម្លោះដីធ្លី ហើយចំពោះប័ណ្ណកម្មសិទ្ធិនេះគឺបានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ណាដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ត ជាធរមាន ទើបអាចធ្វើបណ្ណកម្មសិទ្ធិនេះ បាន ដើម្បីធានាសុវត្ថិភាពដល់ ប្រជាពលរដ្ឋ ជាម្ចាស់ដី និងអ្នកកាន់កាប់ ជាក់ស្តែង មិនមានការភ័យខ្លាច។

លោកអភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ដែលទើបតែទទួលបានប័ណ្ណកម្មសិទ្ធិ ទាំងអស់ ត្រូវយកប័ណ្ណកម្មសិទ្ធិនេះរក្សាទុក និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជៀសវាងការបាត់បង់។ ម្យ៉ាងវិញទៀត ពេលដែលទទួលបានប័ណ្ណកម្មសិទ្ធិហើយនោះ កុំមានការឈ្លោះទាស់ទែងគ្នាអំពីបញ្ហាព្រំដី ព្រោះម្នាក់ៗ សុទ្ធតែបានផ្តិតមេដៃយល់ព្រមទទួលយកទាំងអស់គ្នារួចរាល់ហើយ។ ចំពោះសំណុំរឿង ដែលវិវាទលើបញ្ហាដីធ្លី ដែលមានប័ណ្ណកម្មសិទ្ធិនេះ មិនអាចដោះស្រាយបានទេ ទាល់តែស្ថាប័នច្បាប់ គឺតុលាការទើបអាចដោះស្រាយបាន។ លោក សំកុល សុចិត្រា ក៏បានថ្លែងជំរុញដល់អាជ្ញាធរមូលដ្ឋាន ជួយផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ មកទទួលយកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនេះឲ្យបានគ្រប់ៗគ្នា។

នៅក្នុងឱកាសនោះផងដែរ លោក អាង រ៉ាស៊ី ប្រធានការិយាល័យសេវាអ្នកជាប់ពន្ធ នៃសាខាពន្ធដារខេត្តសៀមរាប ក៏បានធ្វើការផ្សព្វផ្សាយ អំពីកាតព្វកិច្ចពន្ធលើវិស័យអចលនទ្រព្យ ជូន ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួលប័ណ្ណកម្មសិទ្ធ ដីទាំងអស់នាពេលនោះ ដោយបានលើកយក៣ចំណុចសំខាន់ៗមកផ្សព្វផ្សាយគឺទី១/ ពន្ធលើអចលនព្យ ទី២/ ពន្ធលើដីមិនបានប្រើប្រាស់ និងទី៣គឺ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យ។

លោក អាង រ៉ាស៊ី បានមានប្រសាសន៍ឱ្យដឹងទៀតថា ចំណូលពន្ធគឺជា ចំណូលថវិការដ្ឋ ដ៍សំខាន់បំផុត សម្រាប់ការអភិវឌ្ឍប្រទេស។ ហើយថវិកាដែលបានពីការបង់ពន្ធនេះ គឺជាការចូលរួមរបស់បងប្អូន របស់ប្រជាពលរដ្ឋគ្រប់ៗ រូបក្នុងនាមជាប្រជាពលរដ្ឋ។

លោកបានថ្លែងអំណរគុណ នៅការចូលរួមបង់ពន្ធរបស់ប្រជាពលរដ្ឋ និងអំពាវនាវអោយ ប្រជាពលរដ្ឋអញ្ជើញទៅប្រកាស និងបង់ពន្ធ តាមពេលវេលាកំណត់ ដែលជាការចូលរួមលើកកម្ពស់វប្បធ៌មនៃការបង់ពន្ធ។ លោកក៏បានរំលឹកដល់ប្រជាពលរដ្ឋ ដែលមិនទាន់បង់ពន្ធលើអចលនទ្រព្យ និង ឬ ពន្ធលើដីទំនេរមិនប្រើប្រាស់ អញ្ជើញរួសរ៉ាន់ ទៅបង់ពន្ធនៅការិល័យនៃការបង់ពន្ធ នៃសាខាពន្ធដារ ខេត្តសៀមរាប ប្រចាំឆ្នាំ២០២៤នេះ នឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២៤ នេះផងដែរ៕SRP