អាជ្ញាធរខេត្តកំពង់ចាម បេីកយុទ្ធនាការ ជិះកង់ ដេីម្បីប្រមូលថវិកា ទ្រទ្រង់មូលនិធិគន្ធបុប្ផា

ខេត្តកំពង់ចាម៖ អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បាន អញ្ជើញ បេីកយុទ្ធនាការ ជិះ កង់ទៅ តាម បណ្ដា ក្រុងស្រុកទាំង១០ដើម្បីធ្វើសកម្មភាពគៀងគរថវិកា សម្រាប់ ទ្រទ្រង់ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

យុទ្ធនាការ ជិះកង់នេះបន្ទាប់ ពី មាន ការ ណែនាំ ដ៏ខ្ពង់ខ្ពស់ ពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដែល ព្រឹត្តិការណ៍ នេះ បាន ធ្វើ ឡើង រយៈពេល មួយ សប្ដាហ៍ ចាប់ ពី ថ្ងៃទី ១រហូត ដល់ ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ក្នុងគោលបំណង បណ្តុះ ផ្នត់គំនិត ដល់ យុវជន ឱ្យ មាន ស្មារតីមនុស្សធម៌ ខ្មែរ ត្រូវ ជួយខ្មែរ ផងដែរ។

អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផា យើងត្រូវរៀបចំផែនការជិះកង់គូកចេញទៅតាមគោលដៅ ក្រុង ស្រុកទាំង១០ ដែលមានសមាសភាពចំនួន៤០០នាក់ ហើយចំណុចដែលត្រូវចាប់ផ្តើមមុនគេ គឺនៅមុខសាលាខេត្តកំពង់ចាម នាថ្ងៃទី១ ខែមេសា នេះ ក្នុងគោលបំណងទទួលថវិកា ពីសប្បុរសជន សម្រាប់ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យសប្បុរសជន ដែលបានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា និងស្ត្រីមានផ្ទៃពោះរាប់ម៉ឺននាក់ ក្នុងមួយឆ្នាំៗ ដោយកុមារ ទាំងនោះ ជាទំពាំងស្នងឬស្សី ដ៏មានសក្តានុពល សម្រាប់ការអភិវឌ្ឍ ប្រទេសជាតិយើង។

ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម ក៏បាន ធ្វើការអំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រីជាពាណិជ្ជករ សិប្បករ វិនិយោគិន លោកតា លោកយាយ និងសប្បុរសជន សូមមេត្តាចូលរួមជួយបរិច្ចាគជាវិភាគទាន តាមការស្ម័គ្រចិត្តដោយសុទ្ធាជ្រះថ្លា ដើម្បីទ្រទ្រង់ និង ជួយដល់មន្ទីពេទ្យគន្ធបុប្ផា ក្នុងការព្យាបាល សង្គ្រោះជីវិត កុមារកម្ពុជា និងក្នុងស្មារតី ខ្មែរជួយខ្មែរ ស្មារតីមនុស្សធម៌ ពិសេសការផ្តល់ស្នាមញញឹម ក៏ដូចជាសេចក្តីស្រលាញ់ដល់កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅ ក្នុងមន្ទីរពេទ្យគន្ធបុប្ផា នោះ ផងដែរ។

គួរបញ្ជាក់ថាក្នុងយុទ្ធនាការនេះ ជំហានដំបូង គឺជិះកង់រួមគ្នាជាក្រុមធំ ចេញពីគោលដៅសួនស្មៅ មុខសាលាខេត្ត ទៅកាន់” អក្សរខេត្តកំពង់ចាម” នៅមាត់ទន្លេ បន្ទាប់មកបំបែកជា ៧ក្រុម ដើម្បីជិះកង់ទៅកាន់គោលដៅ ដែលបានកំណត់ទុករួមមាន ផ្សារលក់ដូរ សាលារៀន វត្តអារាម អង្គភាពរដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាព ទីស្នាក់ការក្រុមហ៊ុន អាជីវកម្ម គ្រឹះស្ថានឯកជន ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហាងលក់ដូរជាដើម៕