អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចបញ្ជូនខ្លួនមនុស្ស ៣នាក់ ក្នុងនោះមានអភិបាលរងស្រុកកំពង់លែងម្នាក់ ទៅកាន់តុលាការខេត្ត នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នេះ ដែលជាអ្នកពាក់ព័ន្ធនឹងករណីទន្ទ្រានយកព្រៃលិចទឹកជុំវិញបឹងទន្លេសាបចំនួន ៩ហិកតា។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្ត បានបញ្ជាក់ថា មនុស្សទាំង៣នាក់៖ ទី១.ឈ្មោះ ពុំ សុផល អភិបាលរងស្រុកកំពង់លែង, ទី២.ឈ្មោះ លឹម ដានីន ប្រធានការិយាល័យប្រជាពលរដ្ឋស្រុក និងទី៣.ឈ្មោះ ជួន តុំ មុខរបរម្ចាស់សិប្បកម្មផលិតទឹកកកត្រពាំងពេជ្រ ដែលបានយកព្រៃលិចទឹកទំហំ៩ហិចតា ជាជម្រកត្រីពង ស្ថិតក្នុងដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាប ដែលត្រូវការពារដោយច្បាប់ ដើម្បីឈួសឆាយ មកធ្វើជាកម្មសិទ្ធិ ឲ្យទាន់ពេល ដែលរាជរដ្ឋាភិបាលនឹងធ្វើការវាស់វែងកាត់ឆ្វៀល សម្រាប់ប្រជាពលរដ្ឋ ដែលបានអាស្រ័យផលពិតប្រាកដ។
លោក សយ ច័ន្ទវិចិត្ត បន្ថែមថា ជនសង្ស័យខាងលើ បានប្រើប្រាស់ ឧបាយកលមួយចំនួនដូចជា ការធ្វើលិខិតទិញលក់ ដែលធាតុពិតដីនេះ មិនដែលមានការអាស្រ័យផលឡើយ ហើយគ្រាន់តែបានលិខិតទិញលក់ភ្លាម ពួកគេបានដាក់ត្រាក់ទ័រចំនួន៥គ្រឿង ចូលឈួសឆាយតែម្តង ដោយក្នុងគោលបំណង ធ្វើការឈួសឆាយឲ្យបានរួចរាល់ក្នុងរយៈពេលតែមួយថ្ងៃ តែដោយមានឧបសគ្គ ដោយតំបន់នោះមានព្រៃលិចទឹកដែលមានទំហំធំៗ ដូចនេះការឈួសឆាយសម្រេច បានត្រឹមទំហំ៤ហិចតា នៃផ្ទៃដី៩ហិចតា។ ការឈួសឆាយក្នុងថ្ងៃទី២ ក៏ត្រូវបែកការណ៍ រហូតដល់មានមន្រ្តីជលផលស្រុកកំពង់លែង ដែលជាសេនាធិការរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចុះទៅឃាត់ និងរាយការណ៍ដល់ថ្នាក់ខេត្ត ព្រមទាំងរៀបចំកសាងសំណុំរឿង ប៉ុន្តែដោយបទល្មើសនេះមានជាប់ពាក់ពន្ធ័និងបញ្ញត្តិមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ អំពីបទល្មើសបំផ្លាញ និងគៃបំបាត់ រដ្ឋបាលជលផលស្រុកកំពង់លែងក៏បានផ្ទេរសំណុំរឿងនេះមក អង្គភាព។
អង្គភាពបានធ្វើការស៊ើបអង្គេតប្រមូលភស្តុតាង ស្តាប់ចម្លើយជនសង្ស័យ និងសាក្សី សរុប១៥នាក់ ហើយក៏ឈានទៅឃាត់ខ្លួនជនសង្ស័យទាំង៣ខាងលើ និងបានកសាងសំណុំរឿង នឹងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ពន្ធ័បទល្មើសចំនួន២ បញ្ញត្តិមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ អំពីបទល្មើសបំផ្លាញ និងគៃបំបាត់ និងបញ្ញត្តិមាត្រា៩៨ ចំនុចទី១ នៃច្បាប់ស្តីពីជលផល។
អ្នកនាំពាក្យបានបញ្ជាក់បន្ថែមទៀតថា ឈ្មោះ ជួន តុំ និង ឈ្មោះ លឹម ដានីន ជាអ្នកប្រព្រឹត្តិផ្ទាល់ ដោយមានការសម្របសម្រួល ឲ្យមានការឈួសឆាយកាប់ឆ្ការដីព្រៃលិចទឹកនេះ នៅចំណុតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយឈ្មោះ ពុំ សុផល មាត្រា២៩ និយមន័យនៃអ្នកសមគំនិត៕SRP