រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់កម្លាំងឲ្យ បន្តយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់កម្លាំងឲ្យ បន្តយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស

ភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានមានប្រសាសន៍ណែនាំ និងលើកទឹកចិត្តខ្ពស់ឱ្យថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ គ្រប់កម្រិត ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងកម្លាំងនគរបាល ដែលបំពេញបេសកកម្ម តាមតំបន់ព្រំដែន និងបណ្ដាច្រកទ្វារ បន្តបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋាន និងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ការថ្លែងបែបនេះក្នុងឱកាសដែលលោកបានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការងារពាក់ព័ន្ធនឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅសាលប្រជុំសម្តេចក្រឡាហោម ស ខេង នៃទីស្តីការក្រសួងមហាផ្ទៃ នៅរសៀលអង្គារនេះ។

បើតាមលោក ស សុខា សភាពការណ៍សន្តិសុខនៅកម្ពុជា ថ្វីដ្បិតមានភាពល្អប្រសើរ ប៉ុន្តែសភាពការណ៍សន្តិសុខពិភពលោក នៅតែបន្តស្ថិតក្នុងស្ថានភាពប្រឈមដ៏ស្មុគស្មាញ និងពិបាកប៉ាន់ស្មាន។ ក្នុងន័យនេះ លោកបានផ្ដល់អនុសាសន៍ឱ្យយកចិត្តទុកដាក់ទប់ស្កាត់រាល់បាតុភាពផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងនោះត្រូវបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងច្រកព្រំដែន ជាពិសេសការចេញចូលរបស់ជនបរទេស គ្រឿងញៀន និងអាវុធខុសច្បាប់។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ចំពោះសុវត្ថិភាព ជនបរទេសនៅកម្ពុជា ជាពិសេសភ្ញៀវទេសចរណ៍ បន្តប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអុីនធឺណេត បង្កើនប្រសិទ្ធភាពលើការងារពន្លត់អគ្គិភ័យ យកចិត្តទុកដាក់ពង្រឹងកម្លាំងប្រជាការពារ ធានាប្រសិទ្ធភាពនៃការគ្រប់គ្រងអាវុធជាតិផ្ទុះ ការគ្រប់គ្រងជនអន្តោប្រវេសន៍ និងត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងមន្រ្តី និងកងកម្លាំងតាមអង្គភាព៕