ក្រុងកំពង់ចាម នឹងមានសាងសង់កំពង់ផែទេសចរណ៍

ក្រុងកំពង់ចាម នឹងមានសាងសង់កំពង់ផែទេសចរណ៍

ខេត្តកំពង់ចាម៖ក្រុមមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយមន្ទីរសាធារណៈការខេត្ត អាជ្ញាធរជំនាញពាក់ព័ន្ធ ក្នុងខេត្តកំពង់ចាម នៅថ្ងៃអង្គារនេះ បានធ្វេីការចុះត្រួតពិនិត្យ សិក្សា និងវាយតម្លៃទីតាំងសម្រាប់គម្រោងសាងសង់កំពង់ផែទេសចរណ៍ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

គួរបញ្ជាក់ផងដែរថា ដោយសារខេត្តកំពង់ចាមមានសក្ដានុពលផ្នែកទន្លេសម្រាប់ទេសចរណ៍ចូលមកកម្សាន្ត ក៏ដូចជានាវាទេសចរណ៍ចូលមកសំចតរយៈពេលយូរ ដើម្បីភ្ញៀវទេសចរណ៍អន្តរជាតិអាចកម្សាន្តតាមរមនីយដ្ឋាននានាជុំវិញខេត្ត និងអាចបន្តទៅកម្សាន្តនៅខេត្តនានាផ្សេងទៀត ហើយកំពង់ផែដែលនាវាទេសចរណ៍ចូលចតសព្វថ្ងៃពុំទាន់មានភាពល្អប្រសើរនៅឡើយទេ ជាហេតុនាំឱ្យមានតម្រូវការកំពង់ផែទេសចរណ៍ស្តង់ដារមួយដែលមានសុវត្ថិភាព សោភ័ណ្ឌភាពសមរម្យសម្រាប់នាវាទេសរចរណ៍អន្តរជាតិចូលមកសំចត។

បន្ទាប់ពីបានចុះត្រួតពិនិត្យ សិក្សា និងវាយតម្លៃរួចមក ឃើញថាស្ថានភាពទីតាំងមានភាពអំណោយផលល្អ ដោយសារមិនមានផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ដែលនេះជាបច្ច័យល្អមួយសម្រាប់ គម្រោងដែល នឹងត្រូវសាងសង់នេះ ហើយទីតាំងធំងាយស្រួលចាត់ចែងជារចនាសម្ព័ន្ធកំពង់ផែ ដូចជាការសាងសង់បន្ទប់រង់ចាំសម្រាប់ភ្ញៀវទេសចរណ៍ បន្ទប់អនាម័យជាដើម ចំណែកច្រកចូលផ្លូវទឹកសម្រាប់នាវាចូលផែមានជម្រៅទឹកអំណោយផលល្អ និងមានតំបន់ដែលអាចឱ្យនាវារង់ចាំចូលចតបាន ។

យ៉ាងណាក្ដីក្រុមការងារបច្ចេកទេសនឹងបន្តសិក្សាលម្អិតបន្ថែមពីលក្ខណៈបច្ចេកទេស លំហូរផ្លូវទឹក បញ្ហាប្រឈម និងឧបសគ្គនានាដែលអាចកើតឡើងលើផ្លូវនាវាចរ ឱ្យបានល្អិតល្អន់បន្ថែមទៀត ដើម្បីសាងសង់កំពង់ផែទេសចរណ៍ ក្រុងកំពង់ចាមនេះឱ្យមានភាពល្អប្រសើរ៕