ខេត្តសៀមរាប៖យោងតាមសេចក្ដីប្រកាសរបស់អាជ្ញាធរខេត្តសៀមរាប ដែលអង្គភាព សៀមរាប ប៉ុស្ដិ៍ ទទួលបានបង្ហាញថានៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៥៖៥០នាទី មានករណីឆេះផ្ទុះរថយន្តដឹក ភ្ញៀវទេសចរ ៤៥កៅអី ១គ្រឿង នៅទីតាំងចំណតរថយន្តមុខប្រាសាទអង្គរវត្ត។
តាមរយៈរបាយការណ៍ស្រាវជ្រាវ បឋមរបស់សមត្ថកិច្ច រដ្ឋបាលខេត្តសូមជម្រាបជូនថា រថយន្ត ៤៥កៅអី មួយគ្រឿង ខាងលើ នេះ បានដឹកភ្ញៀវទេសចរឱ្យចូលមើលថ្ងៃរះ ក្នុងបរិវេណប្រាសាទអង្គរវត្ត រួចចូលចំណតចតជាធម្មតា ដោយមានរថយន្តចតក្បែរផងដែរ។ មូលហេតុនៃការឆេះផ្ទះនេះ គឺជាឧបទ្ទវ ហេតុបណ្តាលមកពីលក្ខណៈបច្ចេកទេស របស់រថយន្ត ៤៥កៅអីមួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 3E-4674 រហូតដល់ឆេះរាលដាល ដល់រថយន្តចតក្បែរ ២គ្រឿងទៀត។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាននឹងកំពុងសហការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់សមត្ថកិច្ច ជំនាញ របស់ រដ្ឋបាលខេត្ត ដើម្បីស្រាវជ្រាវ បន្ថែមទៀតអំពីហេតុការណ៍ដែលបានកើតឡើងនេះ។
រដ្ឋបាលខេត្តសូមជម្រាបជូនបន្ថែមថា ករណីគ្រោះថ្នាក់ នេះ មិនបានបង្កឱ្យរងរបួសដល់ភ្ញៀវ- ទេសចរនោះទេ ដោយបានបង្កការខូចខាតរថយន្តចំនួន ៣គ្រឿង ក្នុងនោះរថយន្តប្រភេទ ៤៥កៅអី ២ គ្រឿង រថយន្ត ២៤កៅអី ១គ្រឿង និងបណ្តាលឱ្យរងរបួសមនុស្ស ២នាក់។
រដ្ឋបាលខេត្ត សូមស្នើដល់សារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចៀសវាងការ ផ្សព្វផ្សាយព័ត៌មាន ដោយធ្វើការសន្និដ្ឋាន ឬដោយការយល់ឃើញណាមួយផ្ទាល់ខ្លួន មិនមានមូលដ្ឋាន ច្បាស់លាស់ ឬមានចេតនាញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ការ ទទួលខុសត្រូវ ចំពោះមុខច្បាប់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តា ជ្រាបជាព័ត៌មានុះ៕