ខេត្តបាត់ដំបង៖បន្ទាប់ពីមានការបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គមមួយចំនួន ពាក់ព័ន្ធការបាក់ស្រុតច្រាំងស្ទឹងសង្កែ លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានអះអាងថា «ការបាក់ស្រុតច្រាំងស្ទឹងខ្លះ ដែលទើបស្ថាបនាថ្មី មិនមានអ្វីចម្លែកនោះទេ»។
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅល្ងាចថ្ងៃអាទិត្យនេះ អភិបាលខេត្តបាត់ដំបង លោកសុខ លូ បានមានប្រសាសន៍ថា៖ ជារួមការបាក់ច្រាំងស្ទឹង ដោយមានការបាក់ស្រុតខ្លះ ដែលទើបស្ថាបនាថ្មី ការបាក់ច្រាំងស្ទឹង ទើបស្ថាបនាថ្មីនេះ មិនមានអ្វីចម្លែកនោះទេ។ ព្រោះច្រាំងស្ទឹងធ្វើជាប់មិនជាប់នៅពេលទឹកស្រកហ្នឹងហើយ នៅពេលដែលធ្វើយូរហើយ មិនអាចបាក់ស្រុតតទៅទៀតនោះទេ។
លោកសុខ លូ បានថ្លែងបន្តថា សូមជម្រាបថា រយៈពេលកន្លងមកនេះ រដ្ឋបាលខេត្ត ដោយតម្រូវការពីរ រដ្ឋាករទឹកស្ថាបនា កន្លែងបូមទឹកឆៅដើម្បីឆ្នាំក្រោយនេះអាចផលិតទឹកស្អាតបាន។ ដើម្បីឆ្នាំក្រោយ អាចផលិតទឹកស្អាត ចំនួន 5 ម៉ឺនគូប ក្នុងមួយថ្ងៃ ដើម្បីតម្រូវការក្នុងក្រុងបាត់ដំបង ស្រុកសង្កែនិងផ្នែកខ្លះនៃស្រុកបាណន់ អញ្ចឹងទេ តម្រូវឲ្យទម្លាក់កម្ពស់ទឹក ៣ម៉ែត្រ កន្លះ ដើម្បីអាចសាងសង់ស្ថានីយ៍បូមទឹកឆៅនេះបាន នៅកំពង់សីមា អញ្ចឹងទេ នៅពេលយើងទម្លាក់កម្ពស់ទឹកនេះ ទៅ ក៏មានបញ្ហាហ្នឹងកើតឡើង។
អភិបាលខេត្តបាត់ដំបង បញ្ជាក់ថា ច្រាំងស្ទឹងនេះស្ថិតនៅក្នុងសុពលភាព របស់ក្រុមហ៊ុន ដូច្នេះក្រុមហ៊ុន នៅពេលទឹកស្រក់អស់ និងជួសជុលឡើងវិញជាបន្តបន្ទាប់។ លោកថាតំបន់ ដែលធ្វើច្រាំងនេះ មិនមែនធ្វើដោយគ្មានគុណភាព ឬធ្វើលេងៗនោះទេ គឺបានធ្វើដ៏បាត់ស្ទឹងកិនបង្ហាប់យ៉ាងច្រើន។
បើតាមអភិបាលខេត្តបាត់ដំបង កន្លែងតំបន់ដែលខេត្តបានចាត់ចែងសាងសង់ នេះ តំបន់ដែលដីបាក់ ចំណុចខ្លះ ធ្វើច្រើនដងក៏មិនជាប់នោះទេ។ លោកសង្ឃឹមថា នឹងធ្វើលើកនេះនឹងជាប់បានល្អ ដោយសារការសាងសង់ គឺបានយកចិត្តទុកដាក់ ក្នុងការស្ថាបនាណាស់ បានបង្ហាប់ដីពីបាតស្ទឹង ប៉ុន្តែនៅតែមានបញ្ហាកើតឡើង ជារឿងមួយ គួរឱ្យសោកស្ដាយ តម្រូវឲ្យក្រុមហ៊ុនសិក្សាបន្ថែមទៀត ដើម្បីមេច! រកវិធីធ្វើឲ្យជាប់ នឹងបញ្ហាមួយរួមគ្នាគិតរួមគ្នាដោះស្រាយ។
សូមជំរាបផងដែរថា ច្រាំងស្ទឹងសង្កែ ដែលស្ថិតក្នុងក្រុងបាត់ដំបង ទើបនឹងស្ថាបនាថ្មី មានចំណុចខ្លះបានបាក់ស្រុត បន្ទាប់ពីទម្លាក់កម្ពស់ទឹក រយៈពេលប៉ុន្មានថ្ងៃមកនេះ៕