
ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
លោក ស សុខា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការធ្វេសប្រហែស ដែលអាចកើតមានគ្រោះអគ្គិភ័យជាយថាហេតុ។
ការអំពាវនាវធ្វើឡើង ថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2024 នេះ។ តាមរយៈទំព័រផេក facebook លោកស សុខា បានសរសេរថា ៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ខ្ញុំ និងភរិយា សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលមានសែស្រឡាយចិនទាំងអស់ និង បងប្អូនជនរួមជាតិដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុមង្គល និងមានលាភសំណាង សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ក្នុងទឹកដីកម្ពុជាប្រកបដោយសុខសន្តិភាព។
លោកបានបន្តថា ទន្ទឹមនេះ សូមបងប្អូនជនរួមជាតិទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការធ្វេសប្រហែសដែលអាចកើតមានគ្រោះអគ្គិភ័យ ជាយថាហេតុ និង សូមបងប្អូនជនរួមជាតិទាំងអស់ ចៀសវាងការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ហើយសូមអញ្ជើញធ្វើដំណើរកម្សាន្តក្នុងថ្ងៃបុណ្យដែលជាថ្ងៃចុងសប្តាហ៍ ដោយបើកបរក្នុងស្មារតីប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ ដើម្បីសុខសុវត្ថិភាព ព្រមទាំងទទួលបានសេចក្តីសប្បាយរីករាយក្នុងការជួបជុំក្រុមគ្រួសារ កុំបីខានឡើយ៕