អាជ្ញាធរស្រុកស្វាយលើបំភ្លឺថា៖ «ការហាមឃាត់ពលរដ្ឋ មិនឲ្យជីកអណ្ដូងទឹក ដោយសារដីស្ថិតនៅតំបន់ហាមឃាត់របស់រដ្ឋ»

ខេត្តសៀមរាប៖ការហាមប្រាមរបស់អាជ្ញាធរមិនឲ្យពលរដ្ឋជីកអណ្ដូងទឹក ដោយសារដីស្ថិតនៅក្នុងសហគមន៍ហាមឃាត់របស់រដ្ឋ។

នេះបើតាមសេចក្ដីបំភ្លឺរបស់អាជ្ញាធរស្រុកស្វាយលើ៖ សូមអានលិខិតបំភ្លឺខាងក្រោម៖

នការ ចុះផ្សាយតាមប្រព័ន្ធបណ្តាញសង្គមហ្វេសបុក ឈ្មោះ ឃី រស្មី នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលបានចុះ ផ្សាយថាៈ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

ខ្ញុំបាទ បុកអណ្តូងលើដីខ្លួនឯងសោះ តើខុសមែន? តើខ្ញុំជាប្រជាពលរដ្ឋគ្មានទឹកប្រើប្រាស់តើត្រូវធ្វើដូចម្តេច ? សូម ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ប្រាក់ សោភ័ណ្ឌ បងស្រីអភិបាលរងខេត្ត មិននី រង្សី និង ក្រសួងពាក់ព័ន្ធជួយពិនិត្យថ្នាក់ក្រោមផង។

រដ្ឋបាលស្រុកសូមជម្រាបជូនដល់ ម្ចាស់គណនីប្រព័ន្ធបណ្តាញសង្គមហ្វេសបុកឈ្មោះ ឃី រស្មី សាធារណៈ ជន និងបងប្អូនក្នុងបណ្តាញសង្គមទាំងអស់មេត្តាជ្រាបថាៈ ទីតាំងដែលឈ្មោះ ឃី រស្មី បានបុកអណ្តូងដើម្បីយកទឹកមកប្រើប្រាស់ គឺស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិជប់សោម ជាតំបន់ហាមឃាត់ពុំអាចអនុញ្ញាតឲ្យ ប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល ព្រោះជាដីសាធារណៈរបស់រដ្ឋ ។

ម្យ៉ាងវិញទៀត ពាក់ព័ន្ធនិងករណីនេះ រដ្ឋបាលស្រុក ក៏បានចាត់ក្រុមការងារ សហការជាមួយភាគីពាក់ ព័ន្ធនានា ចុះត្រួតពិនិត្យសិក្សា ទីតាំងដីនេះដោយទទួលបានលទ្ធផលដូចខាងក្រោម៖

១.ថ្ងៃទី០៣-០៤ ខែឧសភា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យទីតាំងដីជាក់ស្តែង ឃើញថាៈ ស្ថានភាពដី ជាប្រភេទដីរបោះដែលមានប្រភេទឈើប្រណិត សំខាន់ៗ ឈើលេខ១ ឈើលេខ២ និងឈើចម្រុះផ្សេងៗ ចំពោះ ស្ថានភាពទីតាំងដីគឺស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិជប់សោម ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដោយយោងតាមប្រកាសលេខ១៦៧ ប្រ.ក បស្ថ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១២ របស់ក្រសួងបរិស្ថានក្នុង ទំហំដីចំនួន១៣៤៨ ហិកតា ។

២.បានធ្វើសាវតា និងស្រង់ទិន្ន័យដីប្រជាពលរដ្ឋចំនួន១២ គ្រួសារ ដែលស្នើសុំកាត់ឆ្កៀល និងអាស្រ័យ ផលលើដីទំហំ៨៥ ហិកតា នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ។

៣.បានប្រជុំសម្របសម្រួល ជាមួយក្រុមការងាររដ្ឋបាលខេត្តសៀមរាប និងប្រជាពលរដ្ឋ១២ គ្រួសារ ដឹក នាំដោយ ឯកឧត្តម អ៉ឹង គឹមលាង អភិបាលរងខេត្ត កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ និងបានណែនាំ ដល់ប្រជាពលរដ្ឋចំនួន១២ គ្រួសារ ដែលចូលអាស្រ័យផល លើទីតាំង ដី ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិ ជប់សោម អោយផ្អាករាល់សកម្មភាព ឈូសឆាយ និងកាប់រានបន្ត និងរង់ចាំការពិនិត្យស្រាវជ្រាវឲ្យ បានច្បាស់លាស់ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយ។

អាស្រ័យហេតុនេះ សូមម្ចាស់គណនីប្រព័ន្ធបណ្តាញសង្គមហ្វេសបុកឈ្មោះ ឃី រស្មី និងសាធារណៈ ជន ក៏ដូចជាបងប្អូន ក្នុងប្រព័ន្ធបណ្តាញសង្គម ទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕