អ្នកនាំពាក្យ៖ ពាក្យបណ្តឹងរបស់ពាណិជ្ជករមួយរូប ប្តឹងមន្ត្រីពាក់ព័ន្ធមួយចំនួន​នៅខេត្ត​ស្ទឹងត្រែង បានចូលដល់ក្រសួងមហាផ្ទៃ​ និងឯកឧត្តម​ ស​ សុខា​ ហេីយ

0

ភ្នំពេញ៖ពាក្យបណ្តឹងរបស់ពាណិជ្ជករ មួយរូបដែលប្តឹងមន្ត្រីពាក់ព័ន្ធមួយចំនួន​ នៅខេត្ត​ស្ទឹងត្រែង​ ដែលបានឃុបឃិតគ្នា ដោយប្រើប្រាស់អំណាច សាធារណះ ដោយបំពាន និង ស៊ីសំណូកសូកប៉ាន់ ពុករលួយ ធ្វើឲ្យបាត់បង់ចំណូលរបស់រដ្ឋ ពីករណីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤ ដោយមានភាពមិនប្រក្រតី និងមិនបង់ថ្លៃសេវាដឹកជញ្ជូនសម្រាម​ បានចូលដល់ក្រសួងមហាផ្ទៃ​ និងឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ហើយ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៧​ ខែធ្នូ​ នេះថា​៖ ក្នុងនាមក្រសួងមហាផ្ទៃសូមស្វាគមន៍ចំពោះបណ្តឹងគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមិនរេីសអេីងទេ​។ ក្រសួងមហាផ្ទៃបានទទួលបណ្តឹងហេីយតាមឋនានុក្រមរដ្ឋបាល រហូត​មកដល់អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ។ ជានីតិវិធីបន្តទៀត​ គឺនឹងបន្តនីតិធីគោរពជូនឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ដេីម្បីពិនិត្យទៅលេីបណ្តឹងនឹងថា​ តេីបណ្តឹងនឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានជំនាញណាមួយ​ ដេីម្បីពិនិត្យស្រាវជ្រាវ​ ឬអធិការកិច្ច? ឧទាហរណ៍ថា​ គួរបញ្ជូនទៅអគ្គធិការដ្ឋានក្រសួងមហាផ្ទៃ​ ឬក៏គួរបញ្ជូនទៅកាន់អគ្គនាយកដ្ឋានរដ្ឋបាលជាដេីម។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះបានបញ្ជាក់ទៀតថា​៖ ក្នុងនាមក្រសួងមហាផ្ទៃ​ គឺជាពិសេសឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ គឺឯកឧត្តមមិនព្រងេីយកន្តេីយទេ​ រាល់បណ្តឹង របស់បងប្អូន ជាទូទៅ​ គ្រាន់តែថាបណ្តឹងទាំងអស់​ត្រូវតែការពិតច្បាស់លាស់​ គ្រប់ជ្រុងគ្រប់ជ្រោយមានមូលដ្ឋានត្រឹមត្រូវ។ ហេីយនៅពេលដែលធ្វេីការស្រាវជ្រាវទៅឃេីញលទ្ធផលបែបណា​ គឺយេីងផ្អែកទៅលេីភស្តុតាងមានសាក្សី​ មានឯកសារបញ្ជាក់​ និងមានវត្ថុតាងនានាដទៃទៀត។ ក្រៅពីនេះនីតិវិធី​ គឺគេនឹងអញ្ជេីញដេីមបណ្តឹង មកធ្វេី​ការបំភ្លឺចំពោះបណ្តឹងរបស់ខ្លួន។ ចំពោះភាគី​ដែល​ពាក់​ព័ន្ធ​ គឺនាយកដ្ឋានជំនាញដែលទទួល​បញ្ជាពីឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម នឹងចាត់នីតិវិធីអញ្ជេីញ​អ្នកដែលពាក់ព័ន្ធដែលស្ថិតនៅក្នុងក្រនខណ្ឌក្រសួងមហាផ្ទៃ យកមកបំភ្លឺបណ្តឹងដែរ។ ហេីយនឹងអ្នកដទៃៗទៀត ដែលអាចនឹងផ្តល់ព័ត៌មាន​រួមនឹងការប្រមូលនូវឯកសារនានា​ វត្ថុតាងផ្សេងៗដទៃទៀត​ យកមកធ្វេីជាការសន្និដ្ឋានមួយដេីម្បីចេញជាលទ្ធផលនៅពេលណាមួយ។

អ្នកនាំពាក្យដដែលលេីកឡេីងថា​ ជាគោលការណ៍របស់ ឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ គឺបានបញ្ជាក់ជូនបណ្តាថ្នាក់ដឹកនាំក្រសួង​ និងអគ្គនាយកដ្ឋានជំនាញទាំងអស់ថា​ រាល់មតិ​សំណេី​រសំណូមពរ​ បណ្តឹងបស់ប្រជាពលរដ្ឋត្រូវតែចាត់ក្រុមការងារជំនាញចុះទៅធ្វេីការស្រាវជ្រាវ​ អង្កេតប្រមូល​ ឬអធិការកិច្ចអោយបានលឿន​រហ័ស​ ជាទីបំផុត​ ហេីយប្រកបដោយភាពត្រឹមត្រូវ​ តម្លាភាព​ យុត្តិធម៌។ យុត្តិធម៌ទាំងអ្នកដែលប្តឹង​ និងទាំងអ្នករងបណ្តឹង​ គឺផ្អែកលេីភាពត្រឹមត្រូវ​ ទាល់តែ​មានភស្តុងបញ្ជាក់សម្រាប់ជាមូលដ្ឋានយោងសម្រេចសន្និដ្ឋាន។

លោក​ ជា​ គួង​ ដែលជាពាណិជ្ជករ មួយរូប បានធ្វេីលិខិតស្នេីសុំឯកឧត្តមអភិសន្តិបណ្ឌិត ស​ សុខា​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ចាត់មន្ត្រីចុះធ្វើអធិការកិច្ចទៅលើ មន្ត្រីពាក់ព័ន្ធមួយចំនួន​ ដែលបានឃុបឃិតគ្នា ដោយប្រើប្រាស់អំណាចសាធារណះ ដោយបំពាន និង ស៊ីសំណូកសូកប៉ាន់ ពុករលួយ ធ្វើឲ្យបាត់បង់ចំណូលរបស់រដ្ឋ ពីករណីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤ ដោយមានភាពមិនប្រក្រតី និងមិនបង់ថ្លៃសេវាដឹកជញ្ជូនសម្រាម ដែលមានឈ្មោះខាងក្រោមនេះ៖ (១)-លោក ស៊ី សួន ជាអភិបាលរងខេត្តស្ទឹងត្រែង ដែលជាប្រធានគណះកម្មការដេញថ្លៃភាស៊ីគ្រប់ភេទ។

(២)-លោក ខេង ទិត្យសីហា ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង។

(៣)-លោក ឃឹម សួរ ជាប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ ចំណូលមិនមែនសារពើពន្ធ (មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

(៤)-លោក សាយ កុសល ជាអភិបាលក្រុងស្ទឹងត្រែង។

(៥)-លោក ចាន់ គឹមឈុន ជាប្រធានគណ: អាជីវករសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែង។

សំណើសុំ ឯកឧត្តម ស សខា មេត្តា អន្តរាគមន៍ទៅសាលាខេត្តស្ទឹងត្រែង ដើម្បីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤ ឡើងវិញ ឲ្យមានតម្លាភាព និងដោះ ស្រាយថ្លៃសេវាដឹក ជញ្ជូនសម្រាមសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែង៕SRP