រដ្ឋមន្ត្រី នេត្រ ភក្រ្តា៖ «បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញ បានចុះបញ្ជីនៅក្រសួងព័ត៌មាន បានកើនឡើងដល់ចំនួន ៩១៧ អង្គភាព»

0

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងថា៖ បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញដែឡបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន ៩១៧ អង្គភាព។

នេះបើតាមការជូនដំណឹងល្អសម្រាប់បងបងប្អូនសារព័ត៌មាន អនឡាញទាំងអស់ ដែល ឯកឧត្តម នេត្រភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះនៅតាមប្រព័ន្ធតេឡេក្រាម នៅសុក្រនេះ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញថា៖ យោងតាមលិខិតរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣, រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់ សារព័ត៌មាន តាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ ជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន ៥០%។ «បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន ៩១៧ អង្គភាព»។

ឯកឧត្តម នេត្រភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនដែលកំពុងប្រកបអាជីវកម្ម ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទ និងចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន។

នេះជាសេចក្តីជូនដំណឹង របស់ ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីការលើកលែងពន្ធប៉ាតង់ សារព័ត៌មានអនឡាញ ប្រភេទធុនតូច ជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើត អង្គភាពសារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន ៥០%»៕ដោយនាគខៀវ