រាជធានីភ្នំពេញ៖សមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល បានចុះបង្ក្រាបទីតាំងករណីនាំចូលគ្មានប្រភពច្បាស់លាស់ សន្និធិ លក់ចែកចាយផលិតផលគ្រឿងសម្អាង និងអាហារបំប៉នគ្មានច្បាប់អនុញ្ញាតិ។
ការបង្ក្រាបធ្វើឡើងនៅផ្ទះលេខ BA11+BA12 ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់របស់លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានឲ្យដឹងថាក្រោយពីការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញ និងដកហូតនូវវត្ថុតាងគ្រឿងសម្អាង និងអាហារបំប៉នសរុបចំនួន ៤៨មុខ (ទំងន់ ៥.៦៤១គីឡូក្រាម)។ នៅក្នុងនោះមានចំនួន ២៩មុខ គ្មានច្បាប់ ដោយឡែកចំនួន ០៩មុខ មានវិញ្គាបនប័ត្រប្រវេទន៍ ប៉ុន្តែហួសសុពលភាព និងមានច្បាប់តែចំនួន ១០មុខប៉ុណ្ណោះ ដែលនាំចូលគ្មានប្រភពច្បាស់លាស់ គ្មានប្រវេទន៍ និងគ្មានច្បាប់អនុញ្ញាតិ។
បើតាមប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ វត្ថុតាងខាងលើ ត្រូវបានលោក ព្រះរាជអាជ្ញារង បានសំរេចឲ្យបិទផ្លុំបេ នៅផ្ទះលេខ BA11 ជាបណ្តោះអាសន្ន និងបាននាំខ្លួនម្ចាស់ទីតាំងយកមកសារសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕

