កម្លាំងអាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួនមនុស្ស២នាក់ ករណីលួចម៉ូតូ

ខេត្តសៀមរាប៖មនុស្សចំនួន២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួនករណី(លួចម៉ូតូ)។

របាយការណ៍កម្លាំងអាវុធបានឲ្យដឹងថានៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីមានការទទួលការរាយការណ៍ពីប្រជាពលរដ្ឋ មានករណីលួច និងយកម៉ូតូមកលក់នៅចំណុចភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ការិយាល័យជំនាញព្រហ្មទណ្ឌសហការណ៍ ជាមួយអង្គភាពនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តសៀមរាប ចំនួន ០៥នាក់ ដឹកនាំដោយ លោក អនុសេនីយ៍ឯក សៀក សោភា នាយការិយាល័យព្រហ្មទណ្ឌ បានចុះឃាត់ខ្លួនសង្ស័យចំនួន ០២នាក់ ដែលជាប់ពាក់ព័ន្ធករណី អំពើលួច (លួចម៉ូតូ) ឃាត់ខ្លួនយកមកសាកសួរ។

១. ឈ្មោះ ថៃ សុខថុន ហៅ គ្រុឌ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរគ្មានរស់នៅភូមិព្រៃធំសង្កាត់ស្រង៉ែ ក្រុងសៀមរាបខេត្តសៀមរាប។

២. ឈ្មោះ លឹម វណ្ណៈភក្ដី ហៅ រ័ត្ន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរគ្មានរស់នៅភូមិគោកឫស្សីឃុំកែវពណ៏ ស្រុកពួកខេត្តសៀមរាប។

ក្រោយពីសាកសួរ ឈ្មោះ ថៃ សុខថុន ហៅ គ្រុឌ បានឆ្លើយសារភាពថា នៅវេលាម៉ោង ០២ និង ១៥នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៣ រូបខ្លួន និង ឈ្មោះ លី ឧសុភា ភេទប្រុស (គេចខ្លួន) និង ឈ្មោះ⁹ ហ៊ូន សុផា ភេទប្រុស (គេចខ្លួន) បាននាំគ្នាលួចយកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេរី២០១៣ ពណ៌ខ្មៅ មានផ្លាកលេខ (មិនចាំ) ដែលទុកនៅលើខ្នងប្រឡាយទឹក ស្ថិតនៅក្នុងភូមិគោកឫស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ក្រោយពីលួចបាន ក៏បាននាំគ្នាយកមកទុកនៅផ្ទះឈ្មោះផា ស្ថិតនៅភូមិព្រៃធំសង្កាត់ស្រង៉ែ ខេត្តសៀមរាប។ លុះនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ រូបខ្លួនបានជិះម៉ូតូជាមួយឈ្មោះ លឹម វណ្ណៈភក្តី យកម៉ូតូដែលលួចគេបានយកមកលក់ ក៏ស្រាប់តែសមត្តកិច្ចឃាត់ខ្លួនតែម្ដង។

ចំណែកឈ្មោះ លឹម វណ្ណៈភក្ដី ហៅ រ័ត្ន បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកម៉ូតូដែលឈ្មោះ លី ឧសភា,ឈ្មោះ ថៃ សុខថុន និងឈ្មោះ ហ៊ូន សុផា លួចបាន ឲ្យយកទៅលក់ពិតប្រាកដមែន។
វត្ថុតាងចាប់យក៖
-ម៉ូតូហុងដាឌ្រីម សេរីឆ្នាំ២០១៣ ចំនួន ០១គ្រឿង លេខតួរលេខម៉ាស៊ីន ១២៥ME៨២៩១៩៣៧
បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។

សូមបញ្ជាក់ថាការចាប់ខ្លួននេះ តាមបញ្ជាពីឯឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តសៀមរាប៕