រដ្ឋមន្ត្រី៖ «អ្នកសារព័ត៌មាន ជៀសវាង ក្នុងការផ្សាយព័ត៌មាន ដែលមិនពិត ដែលធ្វើឱ្យមានការភាន់ច្រឡំ»

ភ្នំពេញ៖ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន

ថ្លែងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនិងទិសដៅការងារបន្តរបស់អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៅថ្ងៃចន្ទនេះ បានបញ្ជាក់ថា អ្នកសារព័ត៌មាន ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយ ក្រមសីលធម៌ និងវិជ្ជាជីវៈ និងជៀសវាងក្នុងការផ្សាយព័ត៌មាន ដែលមិនពិតដែលធ្វើឱ្យមានការភាន់ច្រឡំ។

នៅសាលចតុម្មុខមង្គល ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់ថាបច្ចុប្បន្នមានអ្នកសារព័ត៌មាន អនឡាញជាច្រើនដែលមានទាន់មានច្បាប់ត្រឹមត្រូវ មិនគោរពច្បាប់របស់សារព័ត៌មាន ដែលធ្វើឱ្យមានព័ត៌មានមួយចំនួន មិនពិត មិនមានប្រភពច្បាស់លាស់ ដែលធ្វើឱ្យប្រជាពលរដ្ឋ ទទួលបាននៅព័ត៌មាន មិនត្រឹមត្រូវ ធ្វើឱ្យបំពុលសង្គម។

រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងព័ត៌មាន នឹងពង្រឹងច្បាប់ និងក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ព្រោះបច្ចុប្បន្ន មានអ្នកសារព័ត៌មាន អនឡានច្រើនដែលគ្មានច្បាប់ត្រឹមត្រូវ ដើម្បីកាត់បន្ថយព័ត៌មានមិនពិត។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ដូច្នេះ ក្រសួងព័ត៌មាននឹងធ្វើវិសោធនកម្មច្បាប់ ស្ដីពី របបអ្នកសារព័ត៌មាន ដើម្បីឱ្យស្របទៅនឹងការវិវត្តជារួម, ពិនិត្យមើលទៅលើច្បាប់ផ្សេងទៀត ដែលជាមូលដ្ឋានគ្រឹះ នៃការការពារផលប្រយោជន៍ នៅក្នុងវិស័យព័ត៌មាន, ពិនិត្យលិខិតបទដ្ឋានមួយចំនួន ដែលមិនទាន់បានធ្វើ, តាមដាននិងពិនិត្យរកព័ត៌មាន ក្លែងក្លាយ និងធ្វើកិច្ចសហប្រតិបត្តិការជាពិសេស នឹងធ្វើបច្ចុប្បន្នភាព អ្នកសារព័ត៌មានដែលគ្មានច្បាប់ត្រឹមត្រូវ ដើម្បីកាត់បន្ថយព័ត៌មានមិនពិត។

បើតាម ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ដូច្នេះអ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មាន របស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងឱ្យមានប្រភពច្បាស់លាស់ ព្រោះការផ្សាយព័ត៌មានពិតវានឹងក្លាយជាអាវក្រោះ ការពារ អ្នកសារព័ត៌មាន ពីទណ្ឌកម្មផ្លូវច្បាប់ ហើយក៏ជា ការរក្សាតម្លៃថ្លៃថ្នូរក្នុងនាមជាអ្នកសារព័ត៌មានផងដែរ៕ដោយនាគខៀវ