ឯអគ្គរាជទូតថៃ ប្តេជ្ញាបន្តជួយជម្រុញ និងគាំទ្រការអភិវឌ្ឍខេត្តសៀមរាប

ឯអគ្គរាជទូតថៃ ប្តេជ្ញាបន្តជួយជម្រុញ និងគាំទ្រការអភិវឌ្ឍខេត្តសៀមរាប

ខេត្តសៀមរាប៖ឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំប្រទេសកម្ពុជា បានប្តេជ្ញាបន្តជួយជម្រុញ និងគាំទ្រការអភិវឌ្ឍខេត្តសៀមរាប ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។

ការប្ដេជ្ញានេះធ្វើឡើង នៅក្នុងជំនួប
សម្តែងការគួរសមរវាងរដ្ឋបាលខេត្តជាមួយរដ្ឋបាលខេត្តសៀមរាប នៅនៅថ្ងៃ ទី៩ ខែតុលាឆ្នាំ២០២៣ ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំប្រទេសកម្ពុជា និងសហការី ដែលបានអញ្ជើញមកដោយផ្ទាល់ក្នុងខេត្តសៀមរាប និងសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលថៃ ដែលជានិច្ចកាលតែងតែរក្សានូវទំនាក់ទំនងជល្អជាមួយប្រទេសកម្ពុជា។

ឯកឧត្តម បានបន្តថា ដើម្បីស្តារ និងរៀបចំវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប យើងបានរៀបចំព្រឹត្តិការណ៍កីឡានានា ការតាំងពិព័រណ៍ទេសចរណ៍ និងការបង្កើតផលិតផលទេសចរណ៍ថ្មីរបស់ខេត្ត ជាពិសេសការបើកដំណើរការ នៃអាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងពេលខាងមុខដ៏ខ្លីនេះ ដែលអាកាសយានដ្ឋានថ្មីនេះ មិនត្រឹមតែបង្កេីនការជួយសម្រួលដល់ការហោះហេីរត្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្តើតឱកាសការងារថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប ជាពិសេស នឹងផ្តល់នូវកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តសៀមរាបមានការកេីនឡេីងថែមទៀតផង៕