អភិបាលខេត្តបាត់ដំបង បញ្ជាឲ្យត្រូវពិនិត្យឡើងវិញ ចំពោះហាងបញ្ចាំមួយចំនួន

អភិបាលខេត្តបាត់ដំបង បញ្ជាឲ្យត្រូវពិនិត្យឡើងវិញ ចំពោះហាងបញ្ចាំមួយចំនួន

ខេត្តបាត់ដំបង៖អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបញ្ចាដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យឡើងវិញចំពោះហាងបញ្ចាំមួយចំនួន តបតាមការណែនាំរបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ព្រោះហាងបញ្ចាំមួយចំនួនជាទីកន្លែងដែលទទួលផលចោរកម្ម ខុសច្បាប់ ជាហេតុធ្វើឱ្យមានអំពើចារកម្ម ឬឃាតកម្មកើតឡើង ដោយសារតែមានកន្លែងទទួលផលចោរកម្មនេះ និងត្រូវធ្វើការអប់រំ ណែនាំដល់ម្ចាស់ហាងបញ្ចាំបែបប្រពៃណី ជាលក្ខណៈគ្រួសារមួយចំនួនឱ្យមានការយល់ដឹងបន្ថែមអំពីករណីនេះ និងស្វែងយល់ឱ្យបានច្បាស់មុននឹងទទួលបញ្ចាំអ្វីមួយ។

លោកបញ្ជាបែបនេះនៅឱកាសដឹកនាំ
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកញ្ញា ឆ្នាំ២០២៣
នៅថ្ងៃចន្ទ នេះ។

ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
បន្តទៀតថា បញ្ហាគ្រឿងញៀននូវតែបញ្ហាចម្បងដែលយើងត្រូវបន្តយកចិត្តទុកដាក់ ដូចនេះត្រូវខិតខំស្រាវជ្រាវបង្រ្កាបឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុននូវអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយជាពិសេសត្រូវពិនិត្យមើលកងកម្លាំងរបស់ខ្លួន ព្រោះកងកម្លាំងគឺជាគំរូមុនគេ ប្រសិនបើរកឃើញថាមានពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវចាត់វិធានការទៅតាមច្បាប់វិន័យរបស់កងកម្លាំង ។

ឯកឧត្តមបានធ្វើការណែនាំបន្ថែមចំពោះស្រុកព្រំដែននឹងប្រទេសថៃ ត្រូវធ្វើការគ្រប់គ្រងឱ្យបានល្អនូវការចេញចូលរបស់អ្នកដំណើរ ការដឹកជញ្ជូនទំនិញត្រូវមានការពិនិត្យ និងមានការបង់ពន្ធច្បាស់លាស់ ព្រមទាំងសន្ដិសុខនៅតាមបណ្ដោយព្រំដែនដែលមាននៅក្នុងភូមិសាស្រ្ដរបស់ខ្លួន ក្នុងនោះដែរ យោងតាមបទបញ្ជារបស់ឯកឧត្តមស សុខា បានចេញបញ្ជាឱ្យបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្រោយពីមានភាពមិនប្រក្រតីមួយចំនួនកើតឡើងនៅច្រករបៀងនេះ ដូចជាការលួចលាក់យកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅ ការលួចជួញដូរមនុស្សខុសច្បាប់ ឬលួចនាំចូលទំនិញខុសច្បាប់ជាដើម។

អភិបាលខេត្តក៏បានមានប្រសាសន៍ថ្លែងដល់រដ្ឋបាលក្រុងស្រុក អាជ្ញាធរ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំបន្តនិរន្ដរភាពការងារនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយមិនត្រូវដកដៃថយក្រោយឡើយ ពោលគឺត្រូវខិតខំយ៉ាងណាឱ្យបាននូវលទ្ធផលការងារកាន់តែមានការរីកចម្រើនជាលំដាប់៕