ខេត្តសៀមរាប៖មន្ត្រីអាជ្ញាធរជាតិអប្សរា បានបកស្រាយថា «ការថតរូបភាពទេសចរ រូបភាពអនុស្សាវរីយ៍ និងរូបភាពសម្រាប់ការអប់រំ មិនមានការហាមឃាត់ទេ គឺហាមឃាត់ចំពោះការតែការថតណាសម្រាប់យកទៅធ្វើអាជីវកម្មប៉ុណ្ណោះ»។
ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍នេះ លោកឡុង កុសល បកស្រាយថា៖ ចំពោះសាធារណជន ដែលមទស្សនាតំបន់អង្គរ ក្នុងខេត្តសៀមរាប គឺអាចថតរូប អនុស្សាវរិយ៍ រូបទេសចរណ៍ ជាលក្ខណគ្រួសារនិងរូបភាពសម្រាប់យកទៅផ្សព្វផ្សាយ អប់រំបានដោយសេរី មិនមានការហាមឃាត់អ្វីឡើយ។
ដោយឡែកចំពោះ ការថតភាពយន្ត ថតចម្រៀងកាយវិការ ឬក៏ឯកសារផ្សេងៗ ដោយយោងតាមអនុក្រឹត្យ របស់រដ្ឋាភិបាល គឺតម្រូវឱ្យផលិតករ ចាំបាច់ត្រូវតែសុំការអនុញ្ញាត ទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមុន ដោយដាក់ទាំងអត្ថបទនៃសាច់រឿងទៅជាមួយផង ដើម្បីឱ្យក្រុមអ្នកជំនាញផ្នែកវប្បធម៌ បានពិនិត្យមើលខ្លឹមសារនៃសាច់រឿង។
លោកឡុង កុសល ថា៖ ការដែលតម្រូវ ឱ្យផលិតករដាក់ទាំងអត្ថបទ ឱ្យអ្នកជំនាញពិនិត្យខ្លឹមសារនោះ គឺមិនមែនជាការរឹតត្បិត សេរីភាពនៃការសរសេររបស់ផលិតករទេ ដោយគ្រាន់តែចង់ចូលរួមកែសម្រួលនូវ ប្រវត្តិសាស្រ្ត ឬក៏ទម្រង់នៃវប្បធម៌ ឱ្យបានត្រឹមត្រូវប៉ុណ្ណោះ។ កន្លងមកមានប្រជាពលរដ្ឋ ជាច្រើន ដែលបានប្រកបរបរស្លៀកសម្លៀក បំពាក់បុរាណខ្មែរ សម្រាប់ភ្ញៀវទេសចរណ៍ ដែលចូលទៅទស្សនាប្រាសាទ ហើយអ្នកជំនាញរបស់ក្រសួងវប្បធម៌ ក៏បានទៅពិនិត្យនិងជួយកែលំអ ឱ្យត្រូវទៅតាមទម្រង់នៃសម្លៀកបំពាក់ខ្មែរដែរ។
ទោះជាយ៉ាងណា មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានសំណូមពរ ឱ្យម្ចាស់ផលិតកម្ម ដែលត្រូវមកថតភាពយន្ត ថតចម្រៀងកាយវិការក្តី យោគយល់ចំពោះ ការអនុវត្តន៍យន្តការគ្រប់គ្រង ការប្រើប្រាស់ និងការថតរូបភាព រមណីយដ្ឋានអង្គរ និងកន្លែងមួយចំនួនទៀត ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចអាជ្ញាធរអប្សរា ដោយតម្រូវឱ្យសុំការអនុញ្ញាតទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈនេះ។
គោលបំណងនៃការតម្រូវឱ្យម្ចាស់ផលិតកម្ម ដែលត្រូវមកថតភាពយន្ត ថតចម្រៀងកាយវិការ នៅតំបន់អង្គរត្រូវសុំការអនុញ្ញាត ជាមុននេះ គ្មានអ្វីក្រៅពីចង់លើកតំកើងអង្គរ វប្បធម៌ ប្រពៃណីនិងស្ថាប្យកម្ម អង្គរ ដែលជាសម្បត្តិបេតិកភណ្ឌ ដ៏មានតម្លៃ ដែលមិនអាចកាត់ថ្លៃបាននោះទេ។
លោក ឡុង កុសល ក៏បានប្រៀបធៀបអង្គររបស់ខ្មែរ ទៅនិងមេមាន់ ដែលពងចេញមាស ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋ ខ្មែរគ្រប់រូប មិននាំគ្នាជួយថែរក្សាអង្គរឱ្យបានល្អទេ នោះមេមាន់នឹងលែងពងចេញមាសទៀតហើយ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរជាតិអប្សរា មានគំរោងនឹងធ្វើការកែលំអនីតិវិធីខ្វះខាតមួយចំនួន ដើម្បីធ្វើយ៉ាងណា ឱ្យផលិតករភាពយន្ត ឬក៏អ្នកថតរូបធ្វើអាជីវកម្ម អាចស្នើសុំការអនុញ្ញាត ចូលថតរូបនៅក្នុងតំបន់អង្គរ បានកាន់តែងាយស្រួលនិងរលូន។ ជាមួយគ្នានេះ អាជ្ញាធរអប្សរា ក៏មានគំរោងរៀបចំឱ្យមានCall Center ដើម្បីឱ្យអាជីវករ ដែលត្រូវការថតរូបក្នុងតំបន់អង្គរ អាចទាក់ទងបានងាយស្រួល ព្រមទាំងបង្កើតប្រព័ន្ធ Online ដើម្បីឱ្យ អាជីវករ អាចចូលស្នើសុំតាមប្រព័ន្ធបច្ចេកវិទ្យា បានយ៉ាងឆាប់រហ័សផង៕