អភិបាលខេត្តបាត់ដំបង អំពាវនាវដល់ពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្នុងអំឡុងពេលទឹកកំពុងឡើង

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ ក្នុងអំឡុងពេលដែលទឹកកំពុងឡើងនាពេលនេះ ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ប្រសិនបើមិនមានភ្លៀងធ្លាក់ច្រើននៅផ្នែកខាងលើទេនោះ ទឹងអាចនឹងស្រកទៅវិញនាពេលល្ងាចនេះ ឬស្អែកព្រឹកតែម្ដង។

ការអំពាវនាវធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យមើលស្ថានភាពទឹកនៅក្នុងក្រុងបាត់ដំបង ដែលកំពុងជន់ឡើងនៅក្នុងដងស្ទឹងសង្កែ និងបានលិចតំបន់ទំនាបមួយចំនួននៅក្នុងក្រុងបាត់ដំបង ដោយសារជំនន់ទឹកភ្លៀងផ្នែកខាងលើមួយរយៈចុងក្រោយនេះ។

បើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីជំនាញមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបាត់ដំបង នៅម៉ោងប្រមាណ ១០ នេះ ស្ថានភាពទឹកជំនន់ នៅតំបន់ប៉ែកខាងលើនៃស្រុកសំឡូត គឺពុំមានភ្លៀងធ្លាក់បន្តទៀតទេ ដែលនេះជាមូលហេតុមិនបង្កឲ្យទឹកស្ទឹងជន់ឡើយ  រីឯនៅទំនប់ស្ទាក់ទឹកពហុបំណងសេកសកក៏ត្រូវបានទំលាក់ទ្វារបិទបណ្ដើរៗហើយដែរ៕