ខេត្តបាត់ដំបង៖ឯកឧត្តម សុខ លូ
បានណែនាំដល់ប្អូនសិស្សា នុសិស្ស ដែលប្រែក្លាយខ្លួនជាយុវជន កាកបាទក្រហមកម្ពុជា នាពេលនេះ សូមបន្ដខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន កាកបាទក្រហមកម្ពុជា ពីក្នុងចំណោម សិស្ស នៅក្នុងគ្រឹះស្ថានសិក្សា ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ដូចភ្លៀងរលឹម សូមយកចិត្តទុកដាក់ចំពោះ សិស្ស និងយុវជន កាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយកំពុងសិក្សា នៅក្នុងគ្រឹះស្ថានសិក្សាជាមុន និងសិស្ស និស្សិត កុមារកំព្រា ចាស់ជរា នៅតាមសហគមន៍ជាក្រោយ។
ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង មានប្រសាសន៍យ៉ាងដូច្នេះ
នៅថ្ងៃព្រហស្បតិ៍ នេះ ក្នុងឱកាស អញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៥០នាក់ ស្រី៣០នាក់ ក្នុងវិទ្យាល័យកំរៀង។
នៅសាលប្រជុំសាលស្រុកកំរៀ ឯកឧត្តម សុខ លូ ថ្លែងនូវការកោតសរសើរ ចំពោះលោកនាយកសាលា និងលោកគ្រូអ្នកគ្រូ ទីប្រឹក្សាយុវជន ព្រមទាំងក្មួយៗ យុវជន កាកបាទក្រហមកម្ពុជា ដែលបានស្ម័គ្រចិត្តចូលរួមបំពេញការងារ មនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា និងចូលរួមអប់រំ ផ្សព្វផ្សាយបណ្ដុះស្មារតីនៃវប្បធម៌ ចែករំលែកក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍ ព្រមទាំងព្យាយាមពង្រឹង និងពង្រីកសមត្ថភាពយុវជន និងបណ្ដាញយុវជនកាន់តែច្រើនជាបន្ដបន្ទាប់ថែមទៀត។
ឯកឧត្តម បានបញ្ជាប់ថា ការបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា នាឱកាសនេះគឺជាចំណែកថ្មីមួយទៀតក្នុងការពង្រឹង និងពង្រីកបណ្ដាញយុវជនដើម្បីលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ និងគុណតម្លៃមនុស្សធម៌របស់ចលនាអន្ដរជាតិ ស្របតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។
ឯកឧត្តមប្រធានមាន សង្ឃឹមជឿជាក់ថា ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ទាំងអស់នឹងបន្ដចែករំលែកនូវចំណេះថ្មីៗដែលខ្លួនមានជូនដល់សិស្សផ្សេងទៀតបានដឹង និងយល់កាន់តែច្បាស់ពីកាកបាទក្រហមកម្ពុជា ជាពិសេសបន្ដគាំទ្រសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបស្របតាមតម្រូវការជាក់ស្ដែងរបស់ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍របស់ខ្លួន។
សាខាខេត្តបានផ្តល់ជូននូវ ឯកសណ្ឋាន(អាវ មួក កន្សែង) ដល់យុវជន សរុបចំនួន ៥០នាក់ និងលោកគ្រូ អ្នកគ្រូទីប្រឹក្សាសាលាគោលដៅ ទទួលបានសៀវភៅកូលាបក្រហមដងទន្លេមេគង្គ និងឯកសារមួយចំនួនផងដែរ ។គួរបញ្ជាក់ផងដែរ សមាជិកក្លឹបយុវជនកាកបាទ ក្រហមកម្ពុជា ទទួលបានវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានស្តីពី ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ និងច្បាប់មនុស្សធម៌អន្តរជាតិ មូលដ្ឋានគ្រឹះនៃវិជ្ជាសង្គ្រោះបឋម ការងារគ្រប់គ្រងក្លឹបយុវជន គោលនយោ បាយយុវជនកាកបាទក្រហមកម្ពុជា និងស្ថានភាពទូទៅនៃគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២៣កន្លងផងដែរ៕