អភិបាលខេត្តបាត់ដំបង អំពាវនាវដល់ពលរដ្ឋគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្ន ការឆ្លងជំងឺគ្រុនឈាម

ខេត្តបាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាក្រហមកម្ពុជា ខេត្តបាត់ដំបង បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្ន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងជំងឺគ្រុនឈាម និងដើម្បីចូលរួម ទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំ ក្នុងសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព សូមបងប្អូនប្រជាពលរដ្ឋ គ្រប់រូបដែលមានរោគសញ្ញាគ្រុនក្ដៅ ខ្លួនខ្លាំងភ្លាមៗ ចាប់ពី៣៩, ទៅ៤០អង្សារសេ ឬ មានសមាជិកគ្រួសារដែលមានរោគសញ្ញា ដូចការរៀបរាប់ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាល នៅតាមមន្ទីរពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសូមទំនាក់ទំនង មកលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ប្រសិនជាមានចម្ងល់បន្ថែម ឬចូលរួមរាយការណ៍ និងសូមមានការប្រុងប្រយ័ត្ន ចំពោះជំនន់ទឹកភ្លៀងដែលអាចកើតមានបានជាយថាហេតុណាមួយផងដែរ។

ឯកឧត្តម សុខ លូ ថ្លែងអំពាវនាវយ៉ាងដូច្នេះនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងឱកាស អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងបានផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន៥០គ្រួសារ រួម មានគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន២៨គ្រួសារ និងគ្រួសារងាយរងគ្រោះបំផុត ចាស់ជរា ជនមានពិការភាព ក្រីក្រចំនួន២២គ្រួសារ មកពីភូមិចំនួន១៧ លើឃុំទាំង៦នៃស្រុកកំរៀង ពិធីនេះប្រារព្វធ្វើនៅខាងមុខអគារអនុសាខាស្រុកកំរៀង។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ ឯកឧត្តម សុខ លូ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសការនាំនូវសារអប់រំថែទាំសុខភាព ត្រូវគិតគូរថែទាំទាំងសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ បន្ថែមពីនេះ ឯកឧត្តម បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផង។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី១កេស,ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ១យួរទឹកបរិសុទ្ធ២កេសផងដែរ៕