ខេត្តបាត់ដំបង៖លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី បានមានប្រសាសន៍លើកឡើងថា ខេត្តបាត់ដំបងពិតជាគួរឱ្យទាក់ទាញខ្លាំងមែនទែន ពិសេសចំពោះសម្រស់អគារបុរាណ ដែលមាននៅក្នុងខេត្តបាត់ដំបង ដែលជាអគារបន្សល់តាំងពីអាណានិគមនិយមបារាំង ដែលលើកសម្រស់ក្រុងបាត់ដំបង ឱ្យកាន់តែមានភាពចាប់អារម្មណ៍បានមួយកម្រិត។
លោកជំទាវបានបន្តទៀតថា ជំហ៊ានបន្ទាប់លោកជំទាវ និងក្រុមការងារនឹងបន្តទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវ នៅក្នុងទីរួមខេត្តបាត់ដំបង ដើម្បីយល់បន្ថែមអំពីបញ្ហាស្រូវអង្ករ នៅក្នុងខេត្តបាត់ដំបង ហើយសង្ឃឹមថាបន្ទាប់ពីទស្សនកិច្ចនេះហើយ អាចមានបន្ថែមនូវការយល់ដឹងអំពីស្រូវអង្ករ នៅក្នុងខេត្តបាត់ដំបងកាន់តែច្រើន នឹងសង្ឃឹមថាអាចនាំចូលស្រូវអង្ករពីប្រទេសកម្ពុជា ទៅប្រទេសសិង្ហបុរីផងដែរ។
លោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី មានប្រសាសន៍បែបនេះ
នៅរសៀលថ្ងៃពុធ ម្សិលមិញ ក្នុងឱកាស ពិភាក្សាការងារនិងជំនួបសម្ដែងការគួរសម
ជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍ស្វាគមន៍ចំពោះការអញ្ជើញមកដល់របស់លោកជំទាវ Teo Lay Cheng ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សា នៅឯទឹកដីខេត្តបាត់ដំបង ។
ឯកឧត្តមបានបន្តទៀតថា ខេត្តដែលមានសក្ដានុពលខ្លាំង លើវិស័យកសិកម្ម ហើយខេត្តមួយនេះ កំពុងមានតម្រូវការជាច្រើន ខាងផ្នែកនេះ ដោយទាមទារឱ្យវិនិយោគិន ក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផល កសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃ អស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះ លើសតម្រូវការទីផ្សារបណ្ដាលឱ្យមានការធ្លាក់ថ្លៃចុះ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ដោយសារតែខេត្តបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ នៃប្រទេសកម្ពុជា និងជាខេត្ត គោលដៅទេសចរណ៍ដ៏សំខាន់ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តក៏ចាប់ផ្ដើមល្អប្រសើរច្រើន មានផ្លូវអាស៊ានហាយវេ ដែលភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តបន្ទាយមានជ័យ តែម្ដង មានផ្លូវរថភ្លើង។ ដោយឡែកនៅពេលអនាគត រាជរដ្ឋាភិបាល ក៏នឹងមានគម្រោងសាងសង់ផ្លូវតភ្ជាប់ពីខេត្តសៀមរាប ឆ្ពោះមកខេត្តបាត់ដំបង ផ្ទាល់តែម្ដង ហើយបើសិនជាផ្លូវល្បឿនលឿន ពីភ្នំពេញ មក សៀមរាប និងផ្លូវពីសៀមរាបមកបាត់ដំបង ចេញរូបរាងនោះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងងាក មកកម្សាន្ត ខេត្តបាត់ដំបង កាន់តែច្រើនឡើងៗ ហើយខេត្តបាត់ដំបង ក៏នឹងក្លាយជាខេត្តទេសចរណ៍ដ៏សំខាន់ផងដែរ។
ឯកឧត្តម សុខ លូ ក៏បានង្ហាញអំពីគុណភាពដ៏ឈ្ងុយឆ្ងាញ់ ដល់អង្ករកម្ពុជា ដែលកំពុងធ្វើការនាំចេញទៅក្រៅប្រទេស ក្នុងនោះក៏មានដែរនូវដំណាំម្រេចសំឡូត ដែលជាដំណាំមួយមិនសូវមានអ្នកស្គាល់ច្រើន ដូចដំណាំម្រេច នៅកំពតឡើយ តែចំពោះដំណាំម្រេចសំឡូត នេះគឺត្រូវបានទទួលការលើកសរសើរ អំពីគុណភាព និងរស់ជាតិឆ្ងាញ់មិនចាញ់ដំណាំម្រេច នៅឯខេត្តកំពតឡើយ៕