រឿងពន្ធដារ៖ អភិបាលខេត្តសៀមរាប បកស្រាយចំណុចលើកឡើងក្នុងបណ្តាញសង្គម Facebook page

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបកស្រាយចំណុចលើកឡើងក្នុងបណ្តាញសង្គម Facebook page រឿងប្រាក់ពន្ធ។

ខាងក្រោមនេះជាសំណេរឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប៖

ខ្ញុំបាទ សូមបកស្រាយចំណុចលើកឡើងក្នុងបណ្តាញសង្គម Facebook page មួយដែលថា “ដើម្បីគណនាប្រាក់ពន្ធ គឺត្រូវយក ការ៉េដី គុណនឹង ៨០ ០០០ រៀល” គឺមិនពិតនោះទេ។ សម្រាប់តម្លៃដីទំនេរ ៨០ ០០០ រៀល គឺជាតម្លៃជាមូលដ្ឋានគិតពន្ធ សម្រាប់ដីក្នុងមួយមែតការ៉ ក្នុងការកំណត់តម្លៃដី មិនមែនជាអត្រាពន្ធ ឬប្រាក់ពន្ធត្រូវបង់នោះទេ។  ដើម្បីរកប្រាក់ពន្ធត្រូវបង់ក្នុងមួយឆ្នាំ គឺត្រូវយក តម្លៃដី (ទំហំដី គុណនឹង តម្លៃដីក្នុងមួយការ៉េ) គុណនឹង អត្រាពន្ធ ២%។

ឧទាហរណ៍៖ ដីទំនេរមួយកន្លែងស្ថិតនៅក្រុងសៀមរាប ក្នុងក្រវ៉ាត់ក្រុងទីមួយ មានទំហំ ១០០ ម២។ តម្លៃមូលដ្ឋានគិតពន្ធលើដីធ្លីមិនបានប្រើប្រាស់កំណត់ដោយគណៈកម្មការវាយតម្លៃដីគឺ ៨០ ០០០៛/ម២។ តើដីនេះត្រូវបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ប៉ុន្មានក្នុងមួយឆ្នាំ?
មូលដ្ឋានគិតពន្ធ = 100 m2 x 80 000 រៀល = 8 000 000 រៀលនោះប្រាក់ពន្ធត្រូវបង់ក្នុងមួយឆ្នាំ គឺ 8 000 000 រៀល x អត្រាពន្ធ (2%) = 160 000 រៀល។

ខ្ញុំបាទសូមគោរពបញ្ជាក់ជូនបន្ថែមទៀតថា៖ ពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះ គឺជាប្រភេទពន្ធប្រចាំឆ្នាំ ដែលពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់ដែលមិនបានប្រើប្រាស់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់តាមបណ្តាស្រុកដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ ដោយពន្ធនេះ ដាក់ឲ្យអនុវត្តចាប់ពីឆ្នាំ១៩៩៦ មក។

កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ ៖ ពន្ធនេះជាប្រភេទពន្ធស្វ័យប្រកាស ដែលតម្រូវឱ្យកម្មសិទ្ធិករនៃដីជាប់ពន្ធ ត្រូវមកចុះបញ្ជី និងដាក់លិខិតប្រកាសបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់នៅរដ្ឋបាលសារពើពន្ធ។ អ្នកជាប់ពន្ធត្រូវបង់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ និងត្រូវបង់ប្រាក់ពន្ធនៅសាខាពន្ធដារខេត្ត ឬនៅធនាគារជាដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាពន្ធ៖ អត្រាពន្ធនេះត្រូវកំណត់តាមអត្រា ២% នៃមូលដ្ឋានគិតពន្ធ។

មូលដ្ឋានគិតពន្ធ គឺជាថ្លៃដីគិតតាមតំបន់នីមួយៗ ដែលវាយតម្លៃទៅតាមតម្លៃគិតក្នុងមួយម៉ែត្រក្រឡា ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។

សម្រាប់តម្លៃជាមូលដ្ឋាននៃការគិតពន្ធនៅក្នុងខេត្តសៀមរាប គឺអនុវត្តតាមសេចក្តីសម្រេចលេខ ០០៧ សសរ.សហវ.ពដ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៥ របស់គណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់ ដែលមានឧបសម្ព័ន្ធទី៣ ស្តីពីការកំណត់បែងចែកតំបន់ និងតម្លៃដីមួយម៉ែតក្រឡា សម្រាប់គិតពន្ធលើដីធ្លីមិនបានប្រើប្រាស់ ខេត្តសៀមរាប។
តំបន់ I ដីក្នុងក្រុងសៀមរាប
I. ១.តម្លៃគិតពន្ធក្នុងមួយម៉ែតក្រឡា ៨០ ០០០ រៀល គឺដីគ្រប់ប្រភេទក្នុងអតីតប្រព័ន្ធការពារក្រុងសៀមរាប និងដីសងខាងផ្លូវជាតិលេខ ៦ ចម្ងាយ២៥០ម៉ែត។
I. ២. តម្លៃគិតពន្ធក្នុងមួយម៉ែតក្រឡា ៤ ០០០ រៀល គឺដីសង់លំនៅដ្ឋាន ក្រៅពីតំបន់ I ខាងលើ។

តំបន់ II ដីស្រុកផ្សេងៗក្រៅពីក្រុងសៀមរាប
II.១.តម្លៃគិតពន្ធក្នុងមួយម៉ែតក្រឡា ២ ០០០ រៀល គឺដីអមសងខាងផ្លូវជាតិលេខ ៦ ចម្ងាយ១០០ម៉ែត សងខាងផ្លូវក្នុងស្រុកពួក និងស្រុកប្រាសាទបាគង។
II.២.តម្លៃគិតពន្ធក្នុងមួយម៉ែតក្រឡា ១ ០០០ រៀល គឺដីអមសងខាងផ្លូវជាតិលេខ ៦ ចម្ងាយ១០០ម៉ែត ក្រៅពីតំបន់ II.១ ខាងលើ។
III.៣.តម្លៃគិតពន្ធក្នុងមួយម៉ែតក្រឡា  ៥០០ រៀល គឺដី ក្រៅពីតំបន់ II.១ និង តំបន់ II.២ ខាងលើ។

ការចុះបញ្ជី និងប្រកាសបង់ពន្ធ ទាំងពន្ធលើដីទំនេរមិនប្រើប្រាស់ និងពន្ធលើអចលនទ្រព្យ គឺ ចាប់ផ្តើមបង់ពន្ធ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ជារៀងរាល់ឆ្នាំ។ ករណីខកខានមិនបានបង់ នឹងត្រូវទទួលរងទោសទណ្ឌតាមច្បាប់ជាធរមាន។ ជាការសំគាល់ បងប្អូនអ្នកជាប់ពន្ធមួយចំនួន គាត់តែងតែអញ្ជើញសម្រុកមកប្រកាសបង់ពន្ធ នៅក្នុងខែចុងក្រោយ នេះ ទោះបីយ៉ាងណា សាខាតែងតែខិតខំផ្តល់សេវា ជូនគាត់រហូតដល់អស់អ្នកជាប់ពន្ធ ក្នុងថ្ងៃនីមួយ ដែលក្នុងខែនេះជាទូទៅពេលល្ងាចរហូតដល់ម៉ោង ៧.៣០នាទី ទៅ ម៉ោង ៨.០០ យប់។ បន្ថែមពីនេះ ថ្ងៃសៅរ៍ សប្តាហ៍មុន សាខាក៏មានបើកផ្តល់សេវា ដែលមានអ្នកមកប្រកាសបង់ពន្ធ ប្រមាណ ២០០ នាក់ផងដែរ។

សម្រាប់ការប្រកាសបង់ពន្ធប្រចាំឆ្នាំ២០២៣ នេះដែរ ថ្ងៃនេះ អគ្គនាយកដ្ឋានពន្ធដារបានសម្រេចពន្យារពេល ០១ ខែទៀត គឺរហូតដល់ ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២៣ នេះ។

សេចក្តីដូចបានគោរពបញ្ជាក់ជូនខាងលើ មេត្តាជ្រាបជារបាយការណ៍ ។ សូមមេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។

ការបកស្រាយរបស់អភិបាលខេត្តសៀមរាប ធ្វើឡើងនៅក្នុងគ្រុបតេឡេក្រាមសៀមរាប ប៉ុស្ដិ៍៕