ឯកអគ្គរដ្ឋទូតសិង្ហបុរី ជួបជាមួយ អភិបាលខេត្តសៀមរាប

ឯកអគ្គរដ្ឋទូតសិង្ហបុរី ជួបជាមួយ អភិបាលខេត្តសៀមរាប

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានជួបសម្តែងការគួរសមជាមួយលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជានិងប្រតិភូ ដោយមានការអញ្ជើញចូលរួមពី លោកនាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ លោកនាយកទីចាត់ការអន្តរវិស័យ តំណាង ទីចាត់ការផែនការ និងវិនិយោគខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធនានា។

ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត ដែលបានអញ្ជើញមកបំពេញបេសកកម្មក្នុងខេត្តសៀមរាប ព្រមទាំងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក៏ដូចប្រជាជនសិង្ហបុរី ដែលជានិច្ចកាលតែងតែរក្សានូវទំនាក់ទំនងជាមិត្តល្អជាមួយប្រទេសកម្ពុជា។

ក្នុងនោះដែរ ឯកឧត្តម ក៏បានលើកពីផែនការស្តា រ និងអភិវឌ្ឍន៍វិស័យទេចរណ៍របស់ខេត្ត តាមរយៈ នៃការរៀបចំព្រឹត្តិការណ៍កីឡានានា ការតាំងពិព័រណ៍ទេសចរណ៍ និងការបង្កើតផលិតផលទេសចរណ៍ថ្មីរបស់ខេត្ត ជាពិសេសការបើកដំណើរការ នៃអាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងពេលខាងមុខដ៏ខ្លីនេះ និងបង្តើតជាឱកាសថ្មីមួយទៀត សម្រាប់ខេត្តសៀមរាបទទួលបាននូវកំណើនភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាបច្រើនជាងមុន។

លោកជំទាវ ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្ត និងប្តេជ្ញាជួយគាំទ្រដល់ការអភិវឌ្ឍខេត្តសៀមរាប តាមរយៈវិស័យទេសចរណ៍ អប់រំ សង្គមកិច្ច ជាពិសេសគឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការនានាឱ្យកាន់តែប្រសើរឡើងថែមទៀត៕