ចាប់ជនជាតិវៀតណាម ចំនួន២នាក់ នៅក្រុងសៀមរាប ករណីលួចម៉ាស៊ីនឆុងកាហ្វេ

0

ខេត្តសៀមរាប៖ជនសង្ស័យ ១ ឈ្មោះ ឆាង ថាន់ហ៊ីវ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបររើសអេតចាយ មានស្រុកកំណើតនៅប្រទេសវៀតណាម ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ២ឈ្មោះ ឡេ វឹងតឹង ភេទប្រុស អាយុ៣០ឆ្នាំជនជាតិ វៀតណាម មុខរបររើសអេតចាយ មានស្រុកកំណើតនៅប្រទេសវៀតណាម ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា៖​ ពិតជាបានធ្វើសកម្មភាពកាត់សោរទ្វារតូបលក់កាហ្វេ ហើយលួចយកម៉ាស៊ីនឆុងកាហ្វេ​ពិតមែន ក្រោយពីលួចបានហេីយ​ បានយកទៅដោះបំបែកយកស្ពាន់។

កម្លាំងសមត្ថកិច្ចបានធ្វើតេស្ត ស្វែងរកសារធាតុញៀន លទ្ធផល វិជ្ជមាន (ជាតំរុយមេតំហ្វេតាមីន)។ វត្ថុតាងដកហូតបាន៖ ម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង របស់ជនសង្ស័យធ្វើសកម្មភាព កន្រ្តៃកាត់ដែក១ និងម្ស៉ៅក្រាមពណ៌សថ្លាមួយចំនួន ព្រមទាំងម៉ាស៊ីនឆុងកាហ្វេរបស់ជនរងគ្រោះ។

បច្ចុប្បន្នត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី។

សូមជម្រាបថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង៣០នាទី នៅចំណុចតូបលក់កាហ្វេ មួយកន្លែង​ ស្ថិតក្នុងភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស ដោយកាប់គាស់ទម្លុះទម្លាយ ( កាត់សោរទ្វារលួ,ចយកម៉ាស៊ីនឆុងកាហ្វេ )​ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើកម្មភាពកាត់សោរទ្វារ លួ,ចយកម៉ាស៊ីនឆុងកាហ្វេ ១ឈុត។

នគរបាលក្រុងសៀមរាបបានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ តាមការពិនិត្យកាមេរ៉ាសុវត្ថិភាព កំណត់បានមុខសញ្ញា។ លុះនៅវេលាម៉ោង០៣:០០នាទី ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចបានធ្វើការល្បាត ប្រទះឃើញជនសង្ស័យកំពុងតែជិះម៉ូតូរ៉ឺម៉ក​ ក៏ឃាត់សាកសួរតែម្ដង៕