ខេត្តកំពង់ធំ៖ទីតាំងស្តុកឈើមួយកន្លែងត្រូវបានសមត្ថកិច្ច ចុះបង្ក្រាប ដោយដកហូតបានជាច្រើនម៉ែត្រគូប។
ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុច UTM( ៥៤៥៧៦១ –១៤២៤២៩៧ ) តំបន់ច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ប្រតិបត្តិការនេះ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយ លោកវរសេនីយ៍ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ សហការជាមួយកម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំការនៅច្រកតោល ច្បោះរាក ព្រះអាទិត្យ និងមានការសម្របសម្រួលដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ។
ប្រភពពីសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា វត្ថុតាងសន្និធីឈើ ដែលរងការបង្ក្រាប ជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ឹម ហុង ភេទប្រុស អាយុ៥៥ឆ្នាំ (ត្រូវជាប្តី) មានមុខរបរជាគ្រូបង្រៀន និងប្រពន្ធឈ្មោះ យឹម ហ៊ីម អាយុ៥០ឆ្នាំ ទាំងពីរនាក់រស់នៅតំបន់ច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
បើតាមសមត្ថកិច្ច ករណីនេះ ដកហូតឈើឃ្នៀបប្រភេទឈើទាល ៥x១៥ចំនួន១៧១សន្លឹក និងសសរ ១៥x១៥ ចំនួន១១ដើម សរុបចំនួន ៩.៩៩៧ម៉ែត្រគូប។ បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការបរិស្ថានច្រកតោល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ដោយនាគខៀវ

