ភ្នំពេញ៖កម្លាំងការិយាល័យប្រឆាំងគ្រឿង ស្នងការប៉ូលិសភ្នំពេញ បានសហការជាមួយនគរបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង បានស្រាវជ្រាវបង្ក្រាបករណីដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឈានដល់ការចាប់ខ្លួនមនុស្ស
ចំនួន០២នាក់និងដកហូតសារធាតុញៀនចម្រុះ ទម្ងន់ជិត ៦០គីឡូក្រាម។
ការចាប់ខ្លួនធ្វើឡើង នៅចំណុចដីឡូត៌ទុលចោល មហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២និង១០នាទីរំលងអាធ្រាត ដោយអនុវត្តតាមបទបញ្ជារបស់ លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវចាប់ខ្លួន១-ឈ្មោះ អ៊ាន រដ្ឋនី ភេទប្រុស អាយុ ៣៨ឆ្នាំ។
២-ឈ្មោះ ភ័ណ្ឌ សុគុណ ភេទប្រុស អាយុ ៣១ឆ្នាំ។
វត្ថុតាងចាប់យក៖ សារធាតុញៀន(ខេតាមីន) ចំនួន ២០ដុំ ទម្ងន់ ២០គីឡូក្រាម ដែលលាក់ទុកក្នុងវ៉ាលីពណ៌ទឹកប៊ិចចំនួនមួយ និងរថយន្តម៉ាក High Lander ចំនួន ១គ្រឿង។
មន្ត្រីប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាបន្ទាប់មកកម្លាំងជំនាញ បានស្រាវជ្រាវរកឃើញសារធាតុញៀន (មេតំហ្វេតាមីន) ចំនួន ១០ដុំទៀត ទម្ងន់ ១០គីឡូក្រាម លាក់ទុកក្នុងបាតរថយន្តកែច្នៃសម្រាប់ដឹកគ្រឿងញៀន។ បន្ទាប់ពីកំណត់មុខសញ្ញាបក្ខពួកមួយចំនួនរួចមក នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទី លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ដឹកនាំកម្លាំងចុះសហការជាមួយនគរបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដើម្បីធ្វើការត្រួតពិនិត្យ និងឆែកឆេរគោលដៅស្តុកគ្រឿងញៀន ចំនួន ៣ទីតាំង ដកហូតសារធាតុញៀមចម្រុះចំនួន ១៩មុខ មានទម្ងន់ ២៨គីឡូ៧៧៨ក្រាម និងសារធាតុញៀនប្រភេទ MDMA ទម្ងន់ ១០,៤៨ក្រាម និងកំណត់បានមុខ សញ្ញាមេក្លោងចំនួន២នាក់ និងបក្ខពួកមួយចំនួនទៀត។
សរុបដកហូតសារធាតុចម្រុះ ទម្ងន់ ៥៨គីឡូ ៨៤៨ក្រាម៖ មានសារធាតុញៀន ទម្ងន់ ៣០គីឡូ០៧ក្រាម ក្នុងនោះមាន (ប្រភេទ ខេ ចំនួន ១៩គីឡូ៩១៥ក្រាម, ប្រភេទ ICE ចំនួន ១០គីឡូ០៥ក្រាម, ប្រភេទ MDMA ចំនួន ១០,៤៨ក្រាម, សារធាតុមិនច្បាស់ ទម្ងន់ ២៨គីឡូ៧៧៨ក្រាម) បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយនាគខៀវ