លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកទឹកចិត្ត និងជំរុញដល់រដ្ឋបាល ក្រុងបាត់ដំបង ឱ្យបង្កើតនូវវេទិកាសាធារណៈ ក្នុងការផ្សព្វផ្សាយ ពីដំណើរការក្នុងការគ្រប់គ្រងសំរាម និងការបែងចែកកាកសំណល់ ដល់សាធារណជន នៅតាមមូលដ្ឋាន និងជាពិសេសនៅតាមផ្សារផងដែរ។
លោកសុខ លូ ប្រសាសន៍លើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយនឹងរដ្ឋបាលក្រុងបាត់ដំបង ពាក់ព័ន្ធនឹងការងារគ្រប់គ្រងសំរាម នៅក្រុងបាត់ដំបង នៅថ្ងៃចន្ទ ម្សិលមិញ។
នៅក្នុងកិច្ចប្រជុំ លោក សុខ លូ បានមានប្រសាសន៍ថា បញ្ហាការគ្រប់គ្រងសំរាម នៅក្នុងខេត្តបាត់ដំបង កាលពីមុនពិតជាមានលក្ខណៈពិបាកណាស់ ដោយសារតែកាលពីមុន ខេត្តបាត់ដំបង ពុំមានក្រុមហ៊ុនសហការ ក្នុងការគ្រប់គ្រងសំរាម នៅឡើយ និងបង្ករឱ្យប៉ះពាល់ដល់បរិស្ថាន ព្រមទាំងសុខភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន។
លោកសុខ លូ មានប្រសាសន៍បន្តទៀតថា ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ រដ្ឋបាលក្រុងបាត់ដំបងមានដៃគូសហការ ជាមួយក្រុមហ៊ុនសំរាម ក្នុងការគ្រប់គ្រងសេវាដឹកជញ្ជូនសំរាម នៅតាមគេហដ្ឋានរបស់ប្រជាជន ដែលធ្វើឱ្យប្រជាជន នៅក្នុងក្រុងបាត់ដំបង មានសេចក្ដីសោមនស្សរីករាយ និងគាំទ្រជាខ្លាំងចាប់តាំងពីមានសេវាកម្ម នេះមក និងការគ្រប់គ្រងសំរាម នៅក្នុងក្រុងបាត់ដំបងមានរបៀបរៀបរយល្អជាងមុន។
លោកមានប្រសាសន៍ទៀតថា បញ្ហាប្រឈមនៅក្នុងក្រុងបាត់ដំបង គឺទាក់ទងទៅនឹងកាលវិភាគនៃការប្រមូលសំរាម ពោលគឺមិនសូវទៀងទាត់ និងជាក់លាក់នៅឡើយ ជាហេតុធ្វើឲ្យមានការប្រមូលយកសំរាមមិនបានគ្រប់ជ្រុងជ្រោយ ដូចនះ ក្រុមហ៊ុនសហការត្រូវរៀបនូវកាលវិភាគឱ្យបានច្បាស់លាស់ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការញែក វិចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយនូវបញ្ហាក្លិនស្អុយដែលកើតចេញពីសំរាមដែលរលួយ។
លោកមានប្រសាសន៍បន្តទៀតថា ចំពោះតម្លៃវិញ គឺត្រូវកំណត់ឱ្យបានសាកសមចំពោះអាជីវកម្មនីមួយៗដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ហាង ផ្ទះអាជីវកម្ម និងលំនៅដ្ឋានជាដើម ដោយដាក់តម្លៃនៅក្នុងកម្រិតមួយដែលពួកគាត់អាចទទួលយកបាន៕ដោយនាគខៀវ