នគរបាលបាននិយាយថា យ៉ាងហោចណាស់ជនជាតិ វៀតណាម ១១នាក់ ដែលជាជនសង្ស័យពាក់ព័ន្ធនឹងការធ្វើឃាតដោយបាញ់សម្លាប់ បុរសជនបរទេសម្នាក់ទាំងកណ្ដាលថ្ងៃ នៅបឹងកេងកង ពេលនេះត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃអាទិត្យម្សិលមិញ។ ពេលនេះ ជនសង្ស័យកំពុងស្ថិតក្នុងការសាកសួរដោយជំនាញនៅក្រសួងមហាផ្ទៃ។
មន្រ្តីនគរបាលបានប្រាប់ថា ក្រោយករណីឃាតកម្មកើតឡើង នគរបាលបានបើកការស៊ើបអង្កេត រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ បាន១១នាក់ កាលពីម៉ោងជាង២រសៀល ថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២៧១ ត្រង់ចំណុចសណ្ឋាគារសូផៃ ទល់មុខនិងផ្សារហេងលី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សូមបញ្ជាក់ថា បុរសជនបរទេសម្នាក់ ត្រូវខ្លាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ កាលពីម៉ោងជាង២រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៦០ កែងផ្លូវ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកេង។
ប្រភពមុនពេលកើតហេតុគឺជនរងគ្រោះ និងជនសង្ស័យ បានផ្ទុះជម្លោះ រហូតធ្វើឱ្យជនសង្ស័យដកកាំភ្លើងបាញ់ ជនរងគ្រោះស្លាប់ភ្លាមៗតែម្តង។
ជនរងគ្រោះឈ្មោះ MINH HUNG KHOUN អាយុជាង ៣០ឆ្នាំ ជាជនជាតិវៀតណាម។ នៅលើខ្លួនជនរងគ្រោះត្រូវគ្រាប់កាំភ្លើងចំនួន ៣គ្រាប់៕ដោយនាគខៀវ