យុវជនម្នាក់ត្រូវបាននគរបាលស្រុកសូទ្រនិគម ឃាត់ខ្លួន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ពាក់ពន្ធ័ករណី “រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងអាយុនៃជនរងគ្រោះ “។
ជនសង្ស័យ ឈ្មោះ ឡោម ផល ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ ជនជាតិ ខ្មែរ ទីកន្លែងកំណើតភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ ករណីរំលោភ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៩:៣០នាទី នៅចំណុចស្ថិតក្នុងភូមិសាស្រ្ដឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាល ស្រុកសូទ្រនិគម បានអោយដឹងថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៩:០០នាទី ជនរងគ្រោះ ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរ សិស្ស ជនជាតិ ខ្មែរ បានពឹងអោយជនសង្ស័យជិះម៉ូតូឌុបខ្លួនត្រឡប់ទៅផ្ទះ តែបែជាជនសង្ស័យឆ្លៀតឱកាសឌុបចូលទៅកន្លែងស្ងាត់ចាប់រំលោភរហូតបានសម្រេច១ដង រួចជិះម៉ូតូគេចខ្លួនបាត់។
ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះខាងលើពិតប្រាកដមែន។
ករណីនេះ ក្រោមការសម្របសម្រួលនីតិវិធីដោយ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញខេត្តសៀមរាប ដើម្បីបន្តនីតិវិធី៕ដោយនាគខៀវ