ខេត្តសៀមរាប៖ជាងជួសជុលម៉ូតូម្នាក់ ត្រូវបានភ្លើងឆក់បណ្ដាល ឱ្យស្លាប់ខណៈនាំនារីម្នាក់ទៅហូបចុកផឹកស៊ីនៅកញ្ចុកមួយកន្លែង។
យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលក្រុងសៀមរាប ដែលអង្គភាព សារព័ត៌មានសៀមរាប ប៉ុស្ដិ៍ ទទួលបាននៅរសៀលថ្ងៃសុក្រនេះបង្ហាញថាករណីមនុស្សស្លាប់ នៅវេលាម៉ោង ១៥ :០០នាទី ថ្ងៃព្រហស្បតិ៍ ទី ២៧ខែ កក្កដា ឆ្នាំ២០២៣ នៅចំណុចមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
របាយការណ៍បានបន្តថា ជនរងគ្រោះ ឈ្មោះ មឿង ម៉ៅ ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ ស្នាក់នៅបណ្ដោះអាសន្ន ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រងសៀមរាប។
របាយការណ៍របស់អធិការនគរបាលក្រុងសៀមរាបបន្តថា យោងតាមបំភ្លឺរបស់ឈ្មោះ ដៀប ស្រីនិច ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកហាងស្វាយមាស មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានរៀបរាប់អោយដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទី ឈ្មោះ មឿង ម៉ៅ ភេទប្រុស អាយុប្រហែល៤៧ឆ្នាំ បានទូរស័ព្ទហៅខ្ញុំទៅហូបអី ជាមួយរូបគាត់តែពីរនាក់ នៅចំណុចទំនប់៧៨ ស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប ខ្ញុំក៏បានយល់ព្រម ដល់វេលាម៉ោង១១:០០ នាទី គាត់បានជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកមកយកខ្ញុំនៅកន្លែងអ៊ុតសក់ ហើយឌុបរូបខ្ញុំទៅទំនប់៧៨។ ពេលដែលទៅដល់ ក៏បាននាំគ្នាចូលទៅអង្គុយលេងកញ្ចុះ នៅចំណុចហាងមួយកន្លែងមិនស្គាល់យីហោ ពេលទៅដល់ពួកខ្ញុំ ក៏បានហៅស្រាបៀរហ្គេនស្បឺក ចំនួន៦កំប៉ុង និងម្ហូបចំនួន២មុខ រហូតដល់ផឹកស្រាបៀរនោះអស់ពួកខ្ញុំក៏បានហៅស្រាបៀរមកចំនួន ០៦កំប៉ុងទៀត ពេលនោះពួកខ្ញុំទាំងពីរនាក់ អង្គុយនៅលើអង្រឹងតែមួយ ខាងលិចនៅឆ្ងាយពីបង្កាន់ដៃដែក របស់កញ្ចុះនោះប្រហែលកន្លះម៉ែត្រ ដល់វេលាម៉ោង ១៥:០០នាទី ពេលដែលពួកខ្ញុំ ផឹកស្រាបៀរ ដែលហៅអស់ចំនួន ០៣កំប៉ុង ឈ្មោះ មឿង ម៉ៅ ក៏បានងើបពីអង្រឹង ដោយប្រាប់ថា ឈឺនោម ពេលងើបនោះ គាត់បានយកដៃខាងស្ដាំ ទប់អង្រឹង និងដៃខាងឆ្វេងទប់បង្កាន់ដៃដែកញ្ចុះនោះ ភ្លាមនោះស្រាប់តែបានឃើញគាត់ បានដាំក្បាលចុះ ទៅក្រោម ត្រឡប់ខ្លួន ដោយធ្លាក់ជើងទៅលើទឹក ក្រោមកញ្ចុះត្រឹមកជើង ចំណែកដៃទាំងសងខាងនៅតោងជាប់ជាមួយនឹងបង្កាន់ដៃដែក របស់បញ្ចុះនោះ ចំណែកខ្លួនរបស់គាត់មានសភាពញាក់ៗកន្ត្រាក់ៗ ពេលនោះខ្ញុំសួរគាត់ថាកើតអ្វី តែគាត់មិនបានតបត ហើយរូបខ្ញុំក៏បានបេះដៃខាងឆ្វេងចេញពីបង្កាន់ដៃ ដោយសង្ស័យថាគាត់ឆក់ខ្សែភ្លើង ខ្ញុំក៏រត់ទៅបិទកុងតាក់កង្ហារ ហើយគាត់ក៏របូតដៃទាំងពីរ ធ្លាក់ផ្កាប់មុខទៅនឹងទឹកតែម្ដង ពេលឃើញបែបនោះ នាងខ្ញុំក៏ស្ទុះចុះទៅទឹកនោះដើម្បីជួយគាត់ តែពេលនាងខ្ញុំបានយកដៃខាងស្ដាំ កាន់បង្កាន់ដៃដែកនោះ ស្រាប់តែនាងខ្ញុំត្រូវចរន្តអគ្គិសនីឆក់បណ្ដាលមឲ្យនាងខ្ញុំធ្លាក់ចូលទឹក បន្ទាប់មក រូបខ្ញុំក៏បានស្រែកហៅឲ្យគេជួយ ហើយក៏បានឃើញមានបុរសម្នាក់ រត់មកជួយបិទកុងតាក់កង្ហារ និង ចុះរាវរកឈ្មោះ មឿង ម៉ៅ ដែលធ្លាក់ចូលទឹកនោះ ពេលគាត់ចុះរាវចូលក្នុងទឹកបានបន្តិច ក៏បានឃើញឈ្មោះ មឿង ម៉ៅ ហើយគាត់បានស្រង់ឈ្មោះ មឿង ម៉ៅ នោះមកលើគោក ពេលមកដល់លើគោកក៏បានឃើញឈ្មោះ មឿង ម៉ៅ មានសភាពខ្សោយ មិនអាចនិយាយបានតែកម្រើកបានតិចៗ បន្ទាប់មកម្ចាស់ហាង ក៏បានទាក់ទងទៅមណ្ឌលសុខភាពជ្រាវដើម្បីហៅឡានពេទ្យមកយកឈ្មោះ មឿង ម៉ៅ ទៅសង្គ្រោះ ពេលលើកឈ្មោះមួយម៉ៅ ដាក់លើឡានសង្គ្រោះ គ្រូពេទ្យបានយកដៃសង្កត់ដើមទ្រូង តែឈ្មោះ មឿង ម៉ៅ តែមិនគាត់ដឹងខ្លួន បានបន្តិចក៏បាននាំឈ្មោះ មឿង ម៉ៅ បន្តទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ពេលទៅដល់លោកគ្រូពេទ្យបានសួរថាតើគាត់កើតអ្វី នាងខ្ញុំ ក៏តបថា គាត់ឆក់ខ្សែភ្លើង បន្ទាប់មកដុកទ័រ ក៏តបថា គាត់ជួយបានតែមនុស្សនៅរស់ទេ មនុស្សស្លាប់ហើយគាត់ជួយមិនបានទេ រួចគាត់ក៏យកក្រណាត់សគ្រប់រាងកាយឈ្មោះ មឿង ម៉ៅ តែម្ដង ពេលនោះទើបរូបខ្ញុំដឹងថារូបគាត់បានផុតដង្ហើមស្លាប់បាត់ទៅហើយ។
របាយការណ៍ដដែលបញ្ជាក់ថា ការពិនិត្យសាកសព-ផ្នែកក្បាល , ក,ដងខ្លួន,អវយវះ គ្រប់ផ្នែកទាំងអស់ គ្មានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះទេ។ ការសន្និដ្ឋាន:យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យយើងសន្និដ្ឋានថា ស្លាប់ដោយសារ ឆ្លងចរន្តអគ្គិសនី។សាកសពបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ដោយនាគខៀវ