ខេត្តសៀមរាប៖អ្នករីជំនាញសុខាភិបាលខេត្តសៀមរាប បានអះអាងថា ពុំមានការពុលចំណីអាហារនៅក្នុភោជនីយដ្ឋានយីហោស្រីខួច ដូចការលើកឡើងតាមព័ត៌មាននោះទេ។
តាមរយ:លិខិតរបស់មន្ទីរសុខាភិបាលខេត្តសៀមរាប ដែលអង្គភាពសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ ទទួលបាននៅថ្ងៃពុធនេះ បញ្ជាក់ថា ពេលចុះផ្ទាល់ទៅហាងអាហារប៊ូហ្វេ ស្រី ខួច ម្ចាស់ហាង ឈ្មោះ ជា លីដា និងឈោ្មះ ស៊ាន សុផល បានឲ្យដឹងថា៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវចូលញាំអាហារសរុបប្រហែល៧០០នាក់ តែមានភ្ញៀវក្រុមធំចំនួន២ក្រុម គឺ១ក្រុម២៩នាក់ និងមួយក្រុមទៀតមាន៤៥នាក់ ។ ម្ចាស់ហាងប្រាប់ថា ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ខាង ក្រុមភ្ញៀវ២៩នាក់ បានខលប្រាប់គាត់ថា មានអាការក្អួត រាក ចុកពោះ និងចុកចុងដង្ហើមបានចូលសម្រាកពេទ្យ ប្រហែលម៉ោង៩ព្រឹក ដោយសង្ស័យពុលចំណីអាហារ នៅហាងរបស់គាត់ ដែលបានចូលពីថ្ងៃទី១៤ និងឲ្យជួយចេញថ្លៃសេវាព្យាបាល។ ហើយនៅថ្ងៃទី១៥ដដែល ពេលរសៀល តំណាងខាងក្រុមភ្ញៀវ២៩នាក់បានមកជួបនិងទាមទារថ្លៃសេវាព្យាបាល។
មន្ទីរបន្តថា ជាមួយគ្នានេះដែរក្រុមការងារសុខាភិបាល ក៏បានចុះជួបផ្ទាល់ ជាអ្នកមានរោគសញ្ញាក្រោយពេលញ៉ាំអាហារ នៅអាហារដ្ឋានប៊ូហ្វេស្រីខួច សរុប១៩នាក់ (ស្រី១១នាក់) ក្នុងនោះបានរកឃើញថា មាន២ករណី និងបានទៅសម្រាកព្យាបាលនៅពេទ្យ២កន្លែងខុសគ្នា។ ករណីទី១ ឈ្មោះ អ៊ា លីណា ភេទស្រី អាយុ ៣៤ឆ្នាំ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនាគទេព គ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា ជាជំងឺ រលាកក្រពពោះវៀន និងបាត់បង់ជាតិទឹកបន្តិចបន្តួច។ ករណីទី២ ម្តាយរបស់ក្មេងឈ្មោះ ពិសី សុវណ្ណ ភេទ ប្រុស អាយុ១ឆ្នាំបានទៅព្យាបាលនៅបន្ទប់ពិគ្រោះព្យាបាល បវរមានរិទ្ធគឺដោយមានអាការក្តៅខ្លួន រាក ក្អួត ហើយរោគវិនិច្ឆ័យគ្រូពេទ្យគឺ ឈឺបំពង់ក។ ករណីផ្សេងៗទៀតគាត់ប្រាប់ថា មិនបានទៅពេទ្យទេ គឺទិញថ្នាំពីឱសថស្ថានលេប សរុបទាំងអស់១០លេប ហើយពិនិត្យជាក់ស្ដែងលេបអស់៥លេប។ ក្រុមភ្ញៀវ២៩នាក់ បានមកជួបក្រុមការងារមន្ទីរសុខាភិបាលជាក់ស្ដែង មិននៅមានរោគសញ្ញាដូចខាងលើទៀតទេ(ធូរស្រាល) និង មានអ្នកខ្លះបានទៅធ្វើការងារនៅក្រុមហ៊ុនធម្មតាផងដែរ។
បន្ទាប់ពីជួបភាគីទាំងសងខាង ក្រុមការងារមន្ទីរសុខាភិបាល បានបន្តចុះទៅត្រួតពិនិត្យបញ្ហាអាម័យនៅភោជនីយដ្ឋាន ម្តងទៀតសង្កេតឃើញថា
១ អនាម័យក្នុងកន្លែងចម្អិនអាហារមិនមានបញ្ហា
២ អនាម័យនៅក្នុងកន្លែងបរិភោគមិនមានបញ្ហា
៣ សម្ភារប្រើប្រាស់មានអនាម័យសមស្រប
៤ គ្រឿងឧបភោគបរិភោគ បានធ្វើការលាងសំអាតបានសមស្រប។
ក្រុមការងារមន្ទីរសុខាភិបាលខេត្តសៀមរាបបញ្ជាក់ថា ជាសេចក្តីសន្និដ្ឋានសរុបមក គឺមិនមានករណីពុលអាហារនៅខេត្តសៀមរាបទេ។ ករណីខាងលើគឺអាចបណ្ដលមកពី«ភាពមិនអាចទទួលយកបានចំពោះចំណីអាហាររបស់អ្នកទទួលទាន» ទើបបណ្តាលឲ្យមានចេញរោគសញ្ញារាក ក្អួត៕ដោយនាគខៀវ