ប៉ូលិសចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ចំនួន២រូប ផ្សព្វផ្សាយផែនការបំផ្លាញសន្លឹកឆ្នោត

ប៉ូលិសចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ចំនួន២រូប ផ្សព្វផ្សាយផែនការបំផ្លាញសន្លឹកឆ្នោត

ភ្នំពេញ៖នគរបាលបានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ចំនួន ២រូប ដែលពាក់ព័ន្ធនឹងការអនុវត្តផែនការទុច្ចរិត ញុះញង់ប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់អ្នកសារព័ត៌មានថា ពិតជាមានការឃាត់ខ្លួនពិតប្រាកដមែន នៅពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ។ សមាជិកគណបក្សភ្លើងទៀន ដែលឃាត់ខ្លួនរួមមានទី១. ឈ្មោះ លី រី សមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន និងទី២. ឈ្មោះ ប៊ុន ខេត ប្រធានស្តីទីប្រតិបត្តិរាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន។

ប្រភពដដែលបានបញ្ជាក់ថា ការឃាត់ខ្លួននេះ ទាក់ទងការបង្ហោះសារសម្លេងផ្សព្វផ្សាយផែនការបំផ្លាញសន្លឹកឆ្នោត។ ការនាំខ្លួន មនុស្សទាំង ២រូបនេះ ដោយមានការអ​នុញ្ញាតពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។ បទល្មើសនេះត្រូវផាកពិន័យពី៥លាន ទៅ២០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀត៕ដោយនាគខៀវ