ពលរដ្ឋចំនួន៣ភូមិ ក្នុងខេត្តសៀមរាប ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់

ប្រជាពលរដ្ឋចំនួន ៣ភូមិ គឺ ភូមិថ្នល់ ភូមិស្រង៉ែ និងភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ទទួលបានកម្មសិទ្ធិដីធ្លីស្របច្បាប់។

ការទទួលបាននេះ នៅថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅបរិវេណវត្តចន្លោង​ស្ថិតនៅភូមិស្រង៉ែ។

លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣ភូមិ គឺ ភូមិថ្នល់ ភូមិស្រង៉ែ និងភូមិតាចក សង្កាត់ស្រង៉ែ នាពេលនេះ ក៏សូមថ្លែងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេ ជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ដែលនាំឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាព ពេញលេញ នៅទូទាំងប្រទេស ទើបយើងមានឱកាសក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ លើគ្រប់វិស័យ ហើយក៏សូមថ្លែងអំណរគុណដល់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានយកចិត្តទុកដាក់បំផុត ក្នុងការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ ដល់ដំណើរការនៃចុះបញ្ជី ដីធ្លីឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឈានទៅដល់ការចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពល រដ្ឋ ស្របតាមគោលនយោបាយជាតិ ស្តីពីដីធ្លី និងច្បាប់ភូមិបាលកម្ពុជា។ ដោយឡែកក្នុងភូមិសាស្ត្រក្រុងសៀមរាប មានចំនួន ១២សង្កាត់ បានចាប់ផ្តើមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ តាំងពីឆ្នាំ២០០៤ រហូតមកដល់ឆ្នាំ២០២៣ នេះ បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួចរាល់ចំនួន ៧សង្កាត់ ដែលមានក្បាលដីសរុបស្មើនឹង ៦១៩៣៤ក្បាលដី។

លោក​ អភិបាលរងខេត្តក៏បានអំពាវនាវដល់លោកយាយ លោកតា អ៊ុំ ពូ មីង និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ មេត្តាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយក្នុងករណីមានការបា ត់ ឬខូចអត្តសញ្ញណប័ណ្ណ សូម លោកយាយ លោកតា អ៊ុំ ពូ មីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅធ្វើឯកសារបញ្ជា ក់ អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត (ឯ.អ)៕