ខេត្តសៀមរាប៖លោកគុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញសួរសុខទុក្ខនិងនាំអំណោយមនុស្សធម៌ របស់ សាខាកាកក្រហមទោប្រគល់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៨០គ្រួសារ ដែលរស់នៅក្នុងសហគមន៍ជ័យសាមគ្គីអភិវឌ្ឍន៏សំបួរស្ថិត នៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកស្រី លឹម ផល្លីកា អភិបាលរងក្រុងសៀមរាប បានមានប្រសាសន៍បញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋចំនួន ៨០គ្រួសារនេះ គឺជាប្រជាពលរដ្ឋក្រីក្រលំបាក ដែលពីមុនគឺរស់នៅ ក្នុងសំណង់បណ្ដោះអាសន្នលើដីផ្លូវ និងប្រឡាយសាធារណៈរបស់រដ្ឋ។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ក៏បានរៀបចំគម្រោងលំនៅឋាន សម្បទានសង្គមកិច្ចរួមគ្នារវាង រដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ដោយធ្វើការសាងសង់ផ្ទះ ជាប្រភេទផ្ទះភ្លោះ ក្នុងមួយល្វែងមានទំហំ ៣.៥មx៧ម នៅ លើដីទំហំ ៧មx១៥ម សម្រាប់សម្បទានជូនដល់ពួកគាត់។
លោកស្រីអភិបាលរងខេត្តបានបបន្តទៀតថា គម្រោងលំនៅឋានសម្បទានសង្គមកិច្ច បានរៀបចំឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវ បណ្ដាញលូទឹកភ្លៀង បណ្តាញទឹកស្អាត ភ្លើងអគ្គិសនី ការភ្ជាប់សេវាប្រមូល និងដឹកជញ្ជូនសំរាម ការរៀបចំសួនច្បារ កន្លែងក្មេងលេង ការដាំដើមឈើនៅមុខផ្ទះ ការផ្តល់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្ដល់ដើមទុន សម្រាប់បង្កើតមុខរបរខ្នាតតូច ការជំរុញសិស្សឲ្យបានសិក្សារៀនសូត្រ គឺ ដើម្បីធ្វើយ៉ាងណាឲ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង សម្រាប់ទាំងបច្ចុប្បន្ន និងសម្រាប់ក្មេងៗ ជំនាន់ក្រោយ ហើយបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋបានចូលមករួមរស់នៅជាមួយគ្នា និងបានបង្កើត សហគមន៍មួយដែលមានឈ្មោះថា “សហគមន៍ជ័យសាមគ្គីអភិវឌ្ឍន៍សំបួរ”។
មានប្រសាសន៍សំណេះសំណាលនាពេលនោះដែរ លោក គុជ លីណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ ជាក់ស្តែងដូចជាបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៨០គ្រួសារដែលរស់នៅក្នុងសហគមន៍ជ័យសាមគ្គីអភិវឌ្ឍន៏សំបួរ នាពេលនេះជាសក្ខីភាពស្រាប់ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។
ក្នុងឱកាសនោះដែរលោក គុជ លីណា ក៍បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត ត្រូវត្រួតពិនិត្យឡើងវិញនូវឯកសារពាក់ព័ន្ធនិង សូមឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន រក្សាសន្តិភាព ជាបន្តទៀត ។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារមាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ី១យួរ និងថវិកា៨ម៉ឺនរៀលផងដែរ៕ដោយនាគខៀវ

