អ្នកគ្រូម្នាក់ទៅសាលា ដើម្បីបង្រៀនសិស្ស ត្រូវចោរស្ទាក់ប្លន់យកម៉ូតូទៅបាត់…

ខេត្តឧត្តរមានជ័យ៖អ្នកគ្រូម្នាក់បានចេញដំណើរពីផ្ទះក្នុងគោលបំណងទៅសាលា ដើម្បីបង្រៀនសិស្ស នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ លុះដល់ពាក់កណ្តាលផ្លូវ ស្រាប់តែចោរ២នាក់ស្ទាក់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព។

ប្រភពព័ត៌មានបានរាយការណ៍ថា ជនរងគ្រោះមានឈ្មោះ តង់ សាឡាត់ ភេទស្រី មុខរបរជាគ្រូបង្រៀន មានទីលំនៅភូមិតាម៉ា ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ប្រភពបានបន្តថា នៅវេលាម៉ោង៧ព្រឹក ម្សិលមិញ អ្នកគ្រូ តង់ សាឡាត់ បានចេញពីផ្ទះក្នុងគោលបំណងទៅសាលា ដើម្បីបង្រៀនសិស្សនៅបឋមសិក្សាដង្កោតាប៉ុក ដោយមធ្យោបាយ ធ្វើដំណើរជិះម៉ូតូ១ គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ឧ.ជ 1F-៣៧០៩ លុះទៅដល់ត្រង់ចំណុចវាលព្រលឹត ស្ថិតក្នុងភូមិវលិ៍លយាវ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ស្រាប់តែមានចោរ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់មួកសុវត្ថិភាពបានធ្វើសកម្មភាព ស្ទាក់ប្លន់ ជនរងគ្រោះយកម៉ូតូជិះចេញទៅបាត់ តែម្ដង។

ប្រភពបានបន្តថា ពួកចោរបានឃាត់អ្នកគ្រូឲ្យឈប់ ហើយភ្លាមនោះ ជនសង្ស័យម្នាក់ជិះខាងក្រោយ បានលោតចុះពីលើម៉ូតូស្ទុះទៅទាញដៃអ្នកគ្រូចេញទៅវាលស្រែ រួចស្រវ៉ាយកកាបូបដែលស្ពាយជាប់ខ្លួន នឹងស្រែកគំរាមរកបាញ់សម្លាប់ថែមទៀតផង ហើយខណ:ពេលចោរកំពុងធ្វើសកម្មភាពគំរាមប្លន់យកម៉ូតូអ្នកគ្រូក៏មានម៉ូតូប្រជាពលរដ្ឋ ម្នាក់ជិះដឹកប្រពន្ធ និងកូនតូចទៅដល់ ទើបអ្នកគ្រូបានស្រែកឲ្យប្រជាពលរដ្ឋនោះ ជួយអន្តរាគមន៍ចាប់ចោរ ខណៈអ្នកគ្រូក៏បានឆក់យកកាបូប របស់គាត់ពីចោរវិញដែរ តែចោរក៏បានប្លន់យកម៉ូតូអ្នកគ្រូជិះចេញទៅបាត់ទៅ។

ករណីនេះសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុ ដើម្បីរក្សាទុកជាភស្តុតាង និងស្រាវជ្រាវវែកមុខសញ្ញាចោរប្លន់ទាំង២នាក យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់៕ដោយនាគខៀវ