លោក អ៊ុន​ ចាន់ដា​ អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ រួម​ការពារ​សុខសន្តិភាព​

0

អភិបាលខេត្តកំពង់ចាមលោកអ៊ុន​ ចាន់ដា​ បាន​អំពាវនាវ​ដល់អាជីវករ​ និង​ប្រជាពលរដ្ឋ​ទាំងអស់​ សូម​ចូលរួម​ការពារ​សុខសន្តិភាព​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍ​មរីកចម្រើន​ទៅ​មុខ​ទៀត​ ជាពិសេស​សូម​នាំគ្នា​ទៅ​បោះឆ្នោត តំណាងរាស្ត្រនីតិកាលទី៧ ដែល​នឹង​ឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ​ ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ផងដែរ​។

អភិបាល​ខេត្តកំពង់ចាម​ បានអះអាងថា​ បងប្អូន​អាជីវករ​ផ្សារ​ធំ​ជាង​ ៣០០តូប​ ទទួល​បាន​ដំបូល​ថ្មី​ ​ប្រមាណ​ជា​ ៣០០០ម៉ែត្រ​ការ៉េ​ ពី​សម្តេច​តេជោ​ ហ៊ុន​ សែន​។

លោកថ្លែង​បែប​នេះ​ក្នុង​ពេល​ប្រកាស​ជូន​ដំបូល​ផ្សារ​ដល់​អាជីវករ​ផ្សារ​ធំ​ ក្រុងកំពង់ចាម​ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។

អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ បន្ទាប់ពី​មើលឃើញ​នូវការលំបាក របស់បងប្អូនអាជីវករ ដោយនៅរដូវវស្សាទឹកលិច ហើយរដូវប្រាំងក្តៅខ្លាំង គ្មានខ្យល់ចេញចូលគ្រប់គ្រាន់​នោះ​ រដ្ឋបាល​ខេត្ត​ ក៏​បាន​ស្នើសុំ​ទៅ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ដេីម្បី​រៀបចំការសាងសង់ដំបូលផ្សារផ្សារ​ធំ​នេះ​ ក្នុង​ទំហំ​ប្រមាណ​ជាង​ ​៣០០០មែត្រការ៉េ ដែល​មាន​ជាង​ ៣០០តូប​លក់​ដូរ​ ដើម្បីកែលំអរបរិយាកាស នៃការលក់ដូរ ដោយផ្តល់នូវផាសុខភាព ជូន​អាជីវករ ក៏ដូចជា​បងប្អូនប្រជាពលរដ្ឋ​។

គួរ​បញ្ជាក់​ទៀត​ថា​ ​ផ្សារ​ទាំង​៣ក្នុង​ក្រុង​កំពង់ចាម​នេះ​ គឺផ្សារ​ធំ​ ផ្សារ​បឹង​កុក​ និង​ផ្សារ​សាមគ្គី​ ត្រូវ​បាន​គ្រប់គ្រងដោយគណៈអាជីវករផ្សារ​ ដែលបានបោះឆ្នោតជ្រើសរើស​ ឡើង​ដោយ​បងប្អូន​អាជីវករ​ អ្នក​លក់ដូរ​​ ក្នុង​ផ្សារ​នីមួយៗ​ដោយ​ផ្ទាល់​​នាពេល​កន្លងមក​។​ គេ​សង្កេត​ឃើញ​ថា​ ការ​គ្រប់​​​​​គ្រង​​​ផ្សារ​ មានសណ្តាប់ធ្នាប់ និង​អនាម័យ ហេីយ​ការទារថ្លៃភាស៊ីប្រកប​ដោយភាព​រីក​ចម្រើន​ ​​​និង​​​​​​អភិ​វឌ្ឍន៍ ដោយ​ចំណូលដែលបានមកពីការការប្រមូលភាស៊ី​ ត្រូវ​បាន​យក​ទៅជួសជុល កសាង រៀប​ចំ​សណ្តាប់​ធ្នាប់ ក្នុងផ្សារកាន់តែ​មាន​ភាព​ល្អប្រសើរឡើង ទៅតាមការប្តេជ្ញាចិត្ត របស់​គណៈ​អាជីវករ​ ចំពោះការយកពន្ធដា គឺខាងសាលាក្រុងលែងទទួលយកទៀតដែរ ដោយអនុគ្រោះទៅឲ្យគណៈអាជីវករ ដេីម្បី​យកថវិកាទាំងអស់នោះទៅធ្វើការដោះស្រាយ​ ក្នុង​ការ​កសាងអភិវឌ្ឍន៍ផ្សារជាបន្តបន្ទាប់ផងដែរ​៕