ក្លឹបកីឡាវាយសីខេត្តសៀមរាប នាំយកថវិកាដែលបានមកពីការប្រកួត កីឡាវាយសីមិត្តភាព ទៅប្រគល់ជូន មន្ទីរពេទ្យកុមារអង្គរ

ខេត្តសៀមរាប៖ក្លឹបកីឡាវាយសីខេត្តសៀមរាប នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញ បាននាំយកថវិកា ដែលបានមកពីការប្រកួតកីឡាវាយសីមិត្តភាព ទៅប្រគល់ជូន មន្ទីរពេទ្យកុមារអង្គរ។

សូមជម្រាបថាកាលពីថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ លោក សេង សៀកហួរ EASY CASH, លោក PK ភក្ដី, លោក សោម សមសក្ដិ ប្រធានក្លឹបកីឡាវាយសីខេត្តសៀមរាប និងក្រុមអ្នកលេងវាយសីខេត្តសៀមរាប បានរៀបចំការប្រកួតវាយសីមិត្តភាពមួយ ក្រោមប្រធានបទ កីឡារស់នៅក្រោមដំបូលសន្តិភាព និងកីឡានាំមកនូវមិត្តភាព សុខភាព និងសាមគ្គីភាព ក្នុងគោលបំណងពង្រឹងកីឡា វាយសី នៅខេត្តសៀមរាប និងបង្ហាញចេញពីមិត្តភាព សាមគ្គីភាព និងការចែករំលែក ដែលប្រព្រឹត្តឡើងនៅ ក្លឹបកីឡាវាយសីខេត្តសៀមរាប។

ដំណើការកម្មវិធីទាំងមូល ប្រកបទៅដោយរលូន និងពោរពេញទៅដោយភាពស្វាហាប់ កីឡាករទាំងអស់បានបង្ហាញ នូវទេពកោសល្យ និងបច្ចេកទេស ក្នុងការលេងវាយសី បានយ៉ាងប្រសើរ។ ចំណែកឯថវិកាមួយចំនួនដែលសេសសល់ពីការរៀបចំការប្រកួតនេះ ត្រូវបានក្រុមការងារក្លឹបកីឡាវាយសីខេត្តសៀមរាប យកទៅប្រគល់ជូន មន្ទីរពេទ្យកុមារអង្គរ ដើម្បីធ្វើការចូលរួមក្នុងការឧបត្ថម្ភ ជួយកុមារកម្ពុជា ជាមួយមន្ទីរពេទ្យ ដែលបាននិងកំពុងបំពេញបេសកកម្មមនុស្សធម៌ ពិនិត្យនិងព្យាបាលជម្ងឺកុមារដោយឥតគិតថ្លៃ។

ក្លឹបកីឡាវាយសីខេត្តសៀមរាប សូមធ្វើការថ្លែងអំណរគុណ ចំពោះការចូលរួម ពីសំណាក់កីឡាករទាំងអស់ ក៏ដូចជាអ្នកគាំទ្រ និងក្រុមការងាររៀបចំកម្មវិធីប្រកួតនេះទាំងមូល។ សូមជូនពរដល់កីឡាករគ្រប់រូប ក៏ដូចជាលោក លោកស្រីទាំងអស់ សូមជួបប្រទះតែសំណាងល្អ សុខភាពមាំមួន រកទទួលទានមានបាន និងជោគជ័យគ្រប់ភារកិច្ច។

– លេខទូរស័ព្ទទំនាក់ទំនង៖ 078 88 19 19
– ទីតាំង៖ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប