អភិបាលខេត្តបាត់ដំបង៖ តាមការសន្យាជូនប្រជាពលរដ្ឋ គឺត្រូវបានរៀបចំដាក់អំពូលសូឡា តាមដងផ្លូវនានានៅក្នុងសង្កាត់អូរចារ

មានប្រសាសន៍ ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលបេតុងសរសៃដែក ចំនួន០២ខ្សែ ស្ថិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា តាមការសន្យាជូនប្រជាពលរដ្ឋនៅសង្កាត់អូរចារ គឺត្រូវបានរៀបចំដាក់អំពូលសូឡាតាមដងផ្លូវនានានៅក្នុងសង្កាត់អូរចារ។

លោក សុខ លូ បានលើកឡើងថា សម្រាប់ផ្លូវនៅក្នុងសង្កាត់អូរចារ​ ត្រូវបាន​ជួសជុលក្រាលបេតុង បានរួចស្រេចមួយចំនួនធំ ក្នុងនោះមានផ្លូវតូចៗ ជាច្រើនទៀតកំពុងបន្តធ្វើ។ ដូច្នេះស្នើឱ្យអាជ្ញាធរសង្កាត់អូរចារ ខិតខំដោះស្រាយផ្លូវតូចៗ ទាំងនោះ ដោយប្រើប្រាស់នូវថវិកា ដែលសង្កាត់មាន ដោយមិនត្រូវពឹងតែលើរដ្ឋបាលខេត្ត ឬរដ្ឋបាលក្រុងតែមួយមុខនោះទេ ធ្វើយ៉ាងណា ព្យាយាមដោះស្រាយផ្លូវតូចៗ ជូនប្រជាពលរដ្ឋ ឱ្យបានប្រើប្រាស់ ហើយរដ្ឋបាលខេត្ត ក៏នៅតែបន្តជួយដូចគ្នា។

លោកក៏បានស្នើសុំដល់រដ្ឋាករទឹក ធ្វើការដាក់កន្លែងទុយោ សម្រាប់ភ្ជាប់ពេលមានអគ្គិភ័យកើតឡើង ពិសេសកន្លែង ដែលពិបាករថយន្តអគ្គិភ័យចូលទៅដល់ទីតាំង។

លោក សុខ លូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា ដែលបានផ្ដល់នូវអំពូលសូឡានៅសង្កាត់អូរចារនេះ ចំនួន៣ភូមិជូនប្រជាពលរដ្ឋផងដែរ។

លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ នៅតាមដងផ្លូវ សូមមេត្តាសម្រួលដល់ក្រុមការងារជួសជុលផ្លូវ ក្នុងនោះត្រូវចូលរួមសហការ ដោយត្រូវផ្តល់ជាចំណីផ្លូវ ឬថយរបងរបស់ខ្លួន ដើម្បីធ្វើការពង្រីកផ្លូវកាន់តែធំ ហើយអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការថយរបងរបស់ខ្លួន សម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។

លោកក៏បានធ្វើការណែនាំដល់ក្រុមការងារជំនាញ ពិនិត្យមើលផ្លូវថ្នល់ណា ដែលបានជួសជុល និងកសាងដោយចាក់កៅស៊ូ ឬបេតុងហើយ ត្រូវរៀបចំអ៊ុតជាគំនូសនៅតាមដងផ្លូវ ឱ្យបានស្អាត។ ដោយឡែកសម្រាប់ផ្លូវចាស់ៗ ណាមិនមានប៉ះដល់គម្រោងកសាងស្ដារប្រព័ន្ធរំដោះទឹកកខ្វក់ទេ ត្រូវរៀបចំអ៊ុតគំនូសសម្គាល់ជាបណ្ដើរៗ និងត្រូវប្រើប្រាស់ថ្នាំ ដែលមានគុណភាពខ្ពស់ ប្រើប្រាស់បានរយៈពេលយូរអង្វែង ផងដែរ។

បញ្ជាក់ថា ពិធីនេះធ្វើឡើង នៅថ្ងៃសុក្រនេះ ដោយ
ជួសជុលផ្លូវក្រាលបេតុងសរសៃដែក ចំនួន០២ខ្សែ ដែលផ្លូវលេខ៥៤២ ចាប់ពីផ្លូវជាតិលេខ៥ រហូតដល់ផ្លូវលេខ៥០៧ ប្រវែង ៦២១ម៉ែត្រ ទទឹង ៨ម៉ែត្រ និងដាក់លូរំដោះទឹកចំនួន ៥២០កង់ និងកំណាត់ផ្លូវមុខវត្តទួលដូនប៉ុក ដល់ផ្លូវលេខ៥៤០ ប្រវែង៥០៣ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង៕ដោយនាគខៀវ