លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានមានប្រសាសន៍ថា លើកឡើងថា ថ្មីៗនេះមានករណីមួយបានកើតឡើងនៅក្នុងស្រុកមួយចំនួននៃខេត្តបាត់ដំបង ដែលកើតឡើងនៅតាមភូមិមួយចំនួននៅក្នុងស្រុកបាណន់ និងស្រុករតនមណ្ឌល ទាក់ទងទៅនឹង ក្រុមជនជាតិឥណ្ឌាមួយក្រុម រកស៊ីចងការប្រាក់ជាមួយប្រជាពលរដ្ឋខ្មែរ ដោយគ្រាន់តែយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ផ្សេងៗទៀត ធ្វើជាទ្រព្យសម្រាប់បញ្ចាំ ក្នុងនោះសម្រាប់ទឹកប្រាក់ចំនួន ២០ម៉ឺនរៀល ចុះក្រោមគឺត្រូវយកឯកសារស្រាលៗ ដូចជាអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ បណ្ណបើកបរ កាតគ្រីជាដើម ធ្វើជាទ្រព្យសម្រាប់បញ្ចាំ ហើយចំពោះទឹកប្រាក់ចាប់ពី ៤០ ម៉ឺនឡើងគឺតម្រូវយកឯកសារ ដែលមានលក្ខណៈសំខាន់ៗ លើសពីឯកសារទាំងអស់ខាងលើនេះ ធ្វើជាថ្នូរសម្រាប់បញ្ចាំ មិនត្រឹមតែប៉ុណ្ណោះ ក្រុមជនជាតិឥណ្ឌាដែលដើរចងការប្រាក់ឥណទាននេះគឺ តម្រូវឲ្យប្រជាពលរដ្ឋខ្មែរយើងបង់ប្រាក់ដើម និងការប្រាក់ជារៀងរាល់ថ្ងៃ មិនតម្រូវឲ្យមានការបង់ប្រាក់ជារៀងរាល់ខែនោះទេ ក្រៅពីនេះក៏មានជា ស្ថាប័នឥណទាន ឬអង្គការមួយចំនួនមានការយកនូវឯកសារសម្គាល់ អត្តសញ្ញាណបុគ្គលទាំងនេះ មកធ្វើជាទ្រព្យសម្រាប់បញ្ចាំផងដែរ ដែលវាអាចជាការព្រមព្រៀងរវាងបុគ្គល និងភាគីខាងនីតិបុគ្គល មួយជាលក្ខខណ្ឌណាមួយប្រសិនបើប្រជាពលរដ្ឋគ្មានទ្រព្យក្នុងការដាក់បញ្ចាំជាថ្នូរនោះ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក សុខ លូ បានធ្វើការក្រើនរំលឹកដល់ អាជ្ញាធរមូលដ្ឋាន ទាំងអស់ ត្រូវធ្វើការតាមដាន និងយកចិត្តទុកដាក់លើបញ្ហានេះ ឲ្យមែនទែន ព្រោះនេះជាករណីដែលល្មើសច្បាប់ ដែលខុសពីគោលការណ៍កំណត់របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះត្រូវធ្វើការស្រាវជ្រាវ និងបង្ក្រាបនូវករណីនេះ ឲ្យបានឆាប់រហ័សទាន់ ពេលវេលា ហើយចំពោះក្រុមដែលដើរចងការប្រាក់ឥណទាន នៅតាមភូមិក្នុងស្រុកទាំងនោះ ត្រូវធ្វើការចាត់វិធានការទៅតាមច្បាប់ ជាធរមាន និងធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងខ្ពស់អំពីបញ្ហានេះ ជៀសវាងមានការចាញ់បោកពីសំណាក់ជនទុច្ចរិតណាមួយ។
អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ក្រើនរំលឹក និងដាស់តឿនទៅដល់សាធារណជន ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តបាត់ដំបង ឲ្យមានការយកចិត្តទុកដាក់និង ចូលរួមសហការគ្នា ដើម្បីទប់ស្កាត់ កុំឲ្យបញ្ហានេះមានការកើតឡើង ជាបន្តបន្ទាប់ទៀត មិនត្រូវធ្វើការផ្ដល់ជាអត្តសញ្ញាប័ណ្ណ ឬឯកសារណាមួយជាទ្រព្យបញ្ចាំ សម្រាប់ជាការខ្ចីប្រាក់ឡើយ ព្រោះឯកសារអត្តសញ្ញាប័ណ្ណនេះ គឺជាឯកសារសំខាន់សម្រាប់ យកទៅប្រើប្រាស់ពេលបោះឆ្នោតខាងមុខនេះ ដូចនេះគោលបំណងនៃក្រុមនេះគឺដើម្បីចង់ឱ្យដំណើរការបោះឆ្នោតមិនឱ្យប្រព្រឹត្តិដោយរលូននោះទេ ដូចនេះសូមប្រជាពលរដ្ឋ សូមធ្វើការប្រុងប្រយ័ត្ន ចំពោះបញ្ហានេះ។
លោកបញ្ជាបែបនេះនៅរសៀល ថ្ងៃពុធ ម្សិលមិញ ក្នុងឱកាសដឹកនាំ កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង៕ដោយនាគខៀវ